(ភ្នំពេញ​)៖ ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​នេះ​ បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ចំពោះ​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ បន្ទាប់ពីបើកសវនាការតុលាការ​កំពូល​ នឹងប្រកាសសាលដីការឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ នៅថ្ងៃទី២៥ ខែមករាខាងមុខនេះ។

សូមជំរាបថា លោក​ស្រី​ ទេព​ វន្នី​ ជាប់​ចោទ​ពី​បទ​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មីនា ២០១៣។

កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០១៦​ កន្លង​ទៅ​ លោក ពេជ្រ វិជ្ជាធរ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កែប្រែ​បទ​ចោទប្រកាន់​លើ​ស្ត្រី​បឹងកក់​ពីរ​នាក់​ ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​»​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ថា​ជា​ចលនា​បដិវត្តន៍​ពណ៌​ មក​ជា​បទ​ «ប្រមាថ»​ វិញ​ ។

តុលាការសម្រេច​ផ្ដន្ទាទោស​ស្ត្រី​បឹងកក់ទាំង​ពីរ​នាក់​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៦ថ្ងៃ​ និង​ពិន័យ​ជា​ប្រាក់​៨ម៉ឺន​រៀល​ ពី​បទ​ «ប្រមាថ​» តាម​មាត្រា​៥០២នៃ​ក្រម​ព្រហ្មទណ្ឌ​។ ក្រោយការសម្រេចនេះអ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា។

ទោះ​បី​យ៉ាង​ណា​ ឈ្មោះ​ ទេព​ វន្នី​ ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅ​មាន​ពីរ​ករណី​ផ្សេង​ទៀត​នៅ​ស្ថាប័ន​តុលាការ​ ដូច​ជា​ករណី​ទី​១​ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ករណី​ទី​ពីរ​ បទល្មើស​ប្រមាថ​អ្នក​រាជការ​សាធារណៈ​ និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ជាដើម​៕