(កំពត)៖ ដើម្បីសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពនាយទាហានខ្មែរ-ឥស្លាមឈ្មោះ លេស កំម៉ារី អាយុ​ ២២ឆ្នាំ ដែលបានទទួលមរណភាព ដោយសារលោតឆ័ត្រយោងខុសបច្ចេកទេសនោះ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នេះ ត្រូវបាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឲ្យលោក​ចាន់ ចេស្តា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ចូលរួមរំលែកទុក្ខ និងនាំយកនូវ គ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកា២លានរៀល ទៅចូលបុណ្យដល់ក្រុមគ្រួសារសព ដែលមានអាសយដ្ឋានស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

មរណភាពរបស់លោក លេស កំម៉ារី គឺជាការបាត់បង់យុទ្ធជនអង់អាចក្លាហានដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុវត្ថិភាព ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សពលោក​លេស កំម៉ារី ជាសិក្ខាកាមជំនាញឆ័ត្រយោង នៅអង្គភាព៩១១ ដែលបានទទួលរងគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ខណៈពេល កំពុងធ្វើការហ្វឹកហាត់លោតឆ័ត្រយោង ពីលើយន្តហោះដោយខុសបច្ចេកទេស កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨៖៥០នាទីព្រឹក ស្ថិតនៅទីតាំងចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕