(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៦គីឡូម៉ែត្រ និងលូកាត់ទទឹងផ្លូវ៤កន្លែង ត្រូវបានធ្វើការសម្ភោធដាក់​ឲ្យប្រជាពល​រដ្ឋប្រើប្រាស់ ជាផ្លូវការ បន្ទាប់ពីបាន​កសាងរួច។

​ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវ​នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ​លោក អ៊ុន ចាន់ដា អភិបាល​ខេត្តព្រះវិហារ រួមនិងលោកលេខាទី២ អមស្ថានទូតជប៉ុននៅ​កម្ពុជា​ផងដែរ ដែលផ្លូវនេះស្ថិតនៅឃុំឆែបពីរ ស្រុកឆែប។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍយ៉ាងឆាប់​រហ័ដូច​ជាផ្លូវ វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលមិនអាចខ្វះបាន។

លោកអភិបាលខេត្ត បន្ដថា ទន្ទឹមនឹងនោះ នៅតាមភូមិស្រុកខ្លះ នៅក្នុងខេត្តព្រះវិហារ នៅមិនទាន់បានអភិវឌ្ឍបានរីកចម្រើន​ ​១០០ភាគរយនោះទេ ដោយនៅកន្លែងខ្លះ ប្រជាពលរដ្ឋ​ទើបតែបានរស់នៅ ដោយបង្កើតភូមិថ្មី ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមអាជ្ញាធរខេត្ត លោកប្តេជ្ញានឹងកសាងហេដ្ឋរចនាសម្ពន្ធ័នានា ជូនប្រជាពលរដ្ឋ​តាមតំរូវ​ការ។

លោក​បញ្ជាក់ថា «ចំពោះផ្លូវក្រាលគ្រួសក្រហមដែលយើង ធ្វើពិធីសម្ភោធនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានសម្រួលក្នុងការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល»

ក្នុងឱកាសនោះ លោកអភិបាល បានថ្លែងអំណរគុណ​ដល់ប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនដែលបានផ្តល់ផ្លូវក្រាលគ្រួសក្រហមប្រវែង៤គីឡូម៉ែត្រ និងគណបក្ស​ប្រជាជនកម្ពុជាខេត្តព្រះវិហារ បានផ្តល់២គីឡូម៉ែត្រផងដែរ ដោយលោកសំណូមពរ ឲ្យ​ប្រជាពលរដ្ឋចូលរួមថែរក្សាប្រយោជន៍ ដើម្បីឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង​៕