(កំពត)៖ កម្លាំងអន្ដរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ក្រោយការណែនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងការនគរបាលខេត្ត បានចាប់ខ្លួនមន្ដ្រីនគរបាលខេត្តកំពតម្នាក់ ដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀន, លោកស្នងការ ប្រកាសកាត់ឈ្មោះចេញពីក្របខ័ណ្ឌ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់។

ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាមន្ដ្រីនគរបាលដែលចាប់ខ្លួននេះ ឈ្មោះ ​ទូច សុមុទ្ទ អាយុ៤៥ឆ្នាំ ជាមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រចាំការនៅ​ច្រកតន់ហន់ ដោយក្នុងក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញដកហូតបានថ្នាំញៀនមួយចំនួនធំ។

ជាមួយនឹងការចាប់ខ្លួនមន្ដ្រីនគរបាល ដែលចែកចាយគ្រឿងញៀននេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានប្រកាសកាត់ឈ្មោះជនសង្ស័យ ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងដាច់ណាត់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី​៕