(ភ្នំពេញ)៖ ឈ្មួញរកស៊ីទិញដីពុះឡូដិ៍លក់ ដ៏ល្បីឈ្មោះម្នាក់ នៅសង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច​នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីកា របស់ព្រះរាជអាជ្ញារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេ នាសង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ។

ឈ្មួញរកស៊ីទិញដីពុះឡូដិ៍លក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ គួន សារ៉េត ភេទស្រី អាយុ៤៩ឆ្នាំ មានលំនៅដ្ឋានរស់​នៅផ្ទះលេខ៧ ផ្លូវលេខ៥៣ ក្នុងភូមិ៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយរងការចោទប្រកាន់ពីបទ «មិនគោរពកាតព្វកិច្ច ចំពោះ​​ឧបករណ៍អាចជួញដូរបាន (ចេញសែកអត់លុយ)» ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦។

មេធាវីការពារក្ដីឲ្យដើមបណ្ដឹង ដែលជាម្ចាស់ដី ហើយត្រូវជនល្មើសចេញសែកស្អុយ បានបញ្ជាក់ឲ្យដឹងថា ជនល្មើសឈ្មោះ គួន ណារ៉េត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

មេធាវីដដែលបានឲ្យដឹងទៀតថា ជនឆបោកខាងលើ បានទិញដីស្រែរបស់ប្ដីប្រពន្ធឈ្មោះ រស់ ផូ ភេទប្រុស អាយុ៧០ឆ្នាំ និងឈ្មោះ ម៉ក់ តារ៉ា ភេទស្រី ទំហំ៥០៥០ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ក្នុងតម្លៃ៩៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សរុបចំនួន៤៧៩៧៥០ដុល្លារអាមេរិក។

មេធាវីរូបនោះបានឲ្យដឹងទៀតថា បន្ទាប់ពីបានទិញដីរួច ឈ្មោះ គួន ណារ៉េត បានបង់ប្រាក់ថ្លៃដីមុនត្រឹមតែ ២០៥០០០ដុល្លារប៉ុណ្ណោះ នៅសល់ ២៧៤,៧៥០ដុល្លារទៀត ឈ្មោះ គួន ណារ៉េត បានចេញសែកមួយសន្លឹក ​​ប៉ុន្ដែគ្មានសាច់ប្រាក់នោះឡើយ។ បន្ទាប់មកឈ្មោះ គួន សារ៉េត ចេះតែគេចវេសមិនព្រមសង់ប្រាក់ ឲ្យម្ចាស់ដីគ្រប់ចំនួនឡើយ ទើបម្ចាស់ដីប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕