(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនរូប ដែលបានមកពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅក្នុងមន្ទីរពេទ្យជោរៃភ្នំពេញ បានសម្ដែង​នូវ​អារម្មណ៍ត្រេតអរ និងថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ ដល់​លោក គ្រូពេទ្យ និងមន្ទីរពេទ្យដែលបានរៀបចំពិនិត្យ ព្យាលបាល និង​ផ្ដល់ថ្នាំសង្កូវ ជូនដល់អ្នកជំងឺទឹកនោមផ្អែម ដោយឥតគិតថ្លៃ។

ការពិនិត្យ ព្យាលបាល និងផ្ដល់ថ្នាំសង្កូវដល់អ្នកជំងឺទឹកនោមផ្អែមនេះ ធ្វើឡើងនៅក្នុងកម្មវិធីសប្បុរធម៌ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

លោក ឡាយ ធី ប្រជាពលរដ្ឋរស់ នៅទីក្រុងកោះពេជ្រ ដែលបានមកពិនិត្យជំងឺទឹកនោមផ្អែម បានថ្លែងឲ្យដឹងថា «ខ្ញុំបានទទួលដំណឹង​ពីការពិនិត្យ ព្យាបាលនេះ វាស្រប​ពេលដែលខ្ញុំ កំពុងកើតជំងឺនេះ អស់រយៈពេលប្រមាណ៣ឆ្នាំមក​ហើយ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយបំផុត ដោយបានចូលរួមក្នុងការពិនិត្យ ពិគ្រោះស្ថាន​ភាពជំងឺ ក្នុងការជំរុញព្យាបាលឲ្យបានទាន់ពេលវេលា និងសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់មន្ទីពេទ្យជោរៃភ្នំពេញ»

លោក ឡាយ ធី បន្តថា កម្មវិធីសប្បុរសធម៌ដែលបានបង្កើតឡើង ដោយមន្ទីរពេទ្យជោរ៉ៃភ្នំពេញ សហការជាមួយមន្ទីរពេទ្យជោរ៉ៃវៀតណាមនេះ គឺជាកម្មវិធីមួយបាន​ចូលរួមចំណែក យ៉ាងសំខាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ផ្នែកវិស័យសុខាភិបាល នៅកម្ពុជាខណៈដែលប្រជា​ពលរដ្ឋ​យើងកំពុងជួបនូវផ្នែកអាការរោគរបៀបនេះ។

ពាក់ព័ន្ធនឹងការពិនិត្យពិគ្រោះ ព្យាបាលជំងឺ ផ្នែកទឹកនោមផ្អែមនេះ លោកវេជ្ជបណ្ឌិត លឹម វាន់ហ័ង ឯកទេសទឹកនោមផ្អែម និងអ័រមូន បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយលើសជាតិស្ករ ក្នុងឈាមខុសពីប្រក្រតី ដោយធ្វើឲ្យមាន ការបម្រែបម្រួល នៅក្នុងអវយវៈរបស់យើង ដូចជាការបង្ករផលវិបាកប៉ះពាល់ ទៅលើតម្រង​នោម ផ្នែកសរសៃឈាម បេះដូង និងសរសៃឈាមខួរក្បាលជាដើម ដែលជាហេតុឲ្យអ្នកជំងឺត្រូវពិនិត្យ ព្យាបាល និងការថែទាំឲ្យបានជាប់លាប់ ជាពិសេសនៅពេល​ដែលមាន​អាការៈ​ខុសពីធម្មតា ត្រូវមកពិនិត្យជាបន្ទាប់ ដើម្បីទទួលបានវេជ្ជបញ្ជាថ្មីៗពីគ្រូពេទ្យ»

លោកវេជ្ជបណ្ឌិត បានបន្ដថា ទាក់ទិននឹងអត្រារោគទឹកនោមផ្អែម បច្ចុប្បន្នអត្រាអ្នកកើតជំងឺនេះ នៅក្នុងប្រទេសវៀតណាម មានប្រមាណ៥,៣ភាគរយ នៃអ្នកកើតរោគទឹក​នាមផ្អែមនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងនោះបើធ្វើការប្រៀបធៀប ក្នុងអាស៊ី អត្រាអ្នកកើតជំងឺទឹកនោមផ្អែម ច្រើនជួបប្រទះនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ។

លោកបន្ថែមថា «ចំណែកពាក់ព័ន្ធអ្នកកើត ជំងឺទឹកនោមផ្អែមក្នុងប្រទេសកម្ពុជាវិញ គឺប្រជាជនកម្ពុជាមានការយល់ដឹងជាច្រើន ក្នុងការតាមដាន ការការហូបចុក និងការលេបថ្នាំតាមវេជ្ជបញ្ជាបានត្រឹមត្រូវ ប៉ុន្តែប្រជាពលរដ្ឋនៅជនបទមួយចំនួនធំ គឺពួកគេពុំទាន់មានការយល់ដឹង បានច្បាស់លាស់នៅឡើយ ដែលជាការ​តម្រូវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យពួកគេទទួលបាន ព័ត៌មានលើផ្នែកជំងឺទឹកនោមផ្អែមនេះ»

សូមបញ្ជាក់ថា កម្មវិធីសប្បុរធម៌ពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែមដោយឥតគិតថ្លៃនេះ គឺបានសហការគ្នារវាងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ ក្រុមហ៊ុនឱសថ DHG PHARMA  និងមន្ទីរពេទ្យជោរ៉ៃប្រទេសវៀតណាម ដោយពិនិត្យ និងព្យាបាល អ្នកជំងឺ៥០នាក់ដំបូងដែលបានមកចុះឈ្មោះនៅក្នុងថ្ងៃនេះ ៕