(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៦ ចំនួនកម្មករ-កម្មការិនី ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមិនទាន់បង្ហាញនៅឡើយទេ។ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបើកសន្និបាតបូកសរុបការងារ​អំពីការងារទាំងនោះ នាទីស្នាក់ការកណ្ដាលរបស់ខ្លួន។

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស បានឲ្យដឹងថា នៅព្រឹកម៉ោង៨ស្អែក ប.ស.ស នឹងបើកសន្និបាទបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅបន្ដ ឆ្នាំ២០១៧ ដោយក្នុងនោះ ចំនួនកម្មករ-កម្មការិនី ដែលបានបាត់បង់ជីវិត និងរងរបួសធ្ងន់-ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នឹងត្រូវលើកយកមកបង្ហាញជាផ្លូវការ។ ក្នុងសន្និបាតនោះ ប.ស.ស ក៏នឹងលើកបង្ហាញនូវវិធានការកាត់បន្ថយ និងទប់ស្កាត់បញ្ហាគ្រោះថា្នក់ចរាចរណ៍ សម្រាប់ការងារអនុវត្តបន្តផងដែរ។

លោក ជាវ ប៊ុនរិទ្ធ បានពន្យល់ថា «ក្រុមការងារបានចុះទៅផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ហើយឥរិយាបថក្នុងការបើកបរ យើងបានបង្រៀនពួកគាត់រួ​ច​អស់ហើយ ការត្រួតពិនិត្យបច្ចេកទេសយានយន្ត យើងក៏បានជម្រាបពួកគាត់បានជាបន្តបន្ទាប់ មកហើយដែរ»

លោកអ្នកនាំពាក្យបានអះអាងថា ចំពោះករណីគ្រោះថ្នាកចរាចរណ៍ ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៦ មានការថយចុះជាងឆ្នាំ២០១៥ ក្នុងរយៈពេលដូចគ្នា ហើយក្នុងពេលជួបគ្រោះថ្នាក់ម្ដងៗ ក្រុមភ្នាក់ងារ ប.ស.ស បានបញ្ជូនកម្មករនិយោជិត ទៅដល់មន្ទីពេទ្យបានទាន់ពេល និងបានជួយទំនុកបម្រុងពួកគាត់​យ៉ាងយកចិត្តទុកដាក់បំផុត។

លោកបន្តថា ប.ស.ស បានដាក់វិធានការរដ្ឋបាលយ៉ាងតឹងរឹង និងចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបររថយន្ត ជាបន្តបន្ទាប់មកហើយ ដូចជាការត្រួតពិនិត្យយានយន្ត ការពង្រឹង និងបង្កើន​ការផ្សព្វផ្សាយអប់រំ ដើម្បីឲ្យអ្នកបើកកររថយន្តទាំងនោះ បានយល់ច្បាស់អំពីច្បាប់ស្ដីពី ចរាចរផ្លូវគោក, សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន, ការត្រួតពិនិត្យយានយន្តជាដើម៕