(ព្រះវិហារ)៖ លោក គីម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារចំនួន៧រូប អាជ្ញាធរជាតិអប្សរា១រូប រួមជាមួយអ្នកជំនាញ​ការអន្តរជាតិ៣រូប និងតំណាង UNESCO ១រូប ទៅចូលរួមប្រជុំ បច្ចេកទេសពិសេសជាមួយអ្នកជំនាញការចិន ដើម្បីពិភាក្សាលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទ​ព្រះវិហារ នៅខេត្តហៃណាន់។

កិច្ចប្រជុំរបស់ប្រតិភូកម្ពុជាទៅកាន់ប្រទេសចិន ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ភាគីចិន ដែលជាសហប្រធាន នៃ​គណៈ​កម្មការ​សម្របសម្រួល អន្តរជាតិដើម្បីព្រះវិហារ (ICC-PV)។

កិច្ចប្រជុំខាងកលើនេះ ផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤៖
ទី១៖ ការអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ
ទី២៖ ការប្រើប្រាស់បច្ចេកវិជ្ជា Remote Sensing ដើម្បីជួយតាមដានការបម្រែបម្រួលបរិស្ថានក្នុងតំបន់ព្រះវិហារ
ទី៣៖ គម្រោងអភិវឌ្ឍន៍សហគមន៍ និងតួនាទីរបស់សារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងដំណើរការអភិរក្ស និងការជួសជុលប្រាសាទព្រះវិហារ
ទី៤៖ ការផ្សាភ្ជាប់រវាងប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ។

ក្រោយប្រជុំពិភាក្សារួចរាល់ ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំ បានសម្រេចទទួលយកធម្មនុញ្ញអង្គរ ជាក្រមប្រតិបត្តិសម្រាប់កិច្ចការ អភិរក្ស និងការជួសជុលប្រាសាទ​ព្រះវិហារ​វាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ភាគីចិន ក្នុងការអភិរក្សនិងការជួសជុលគោបុរៈ ទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ, ជំរុញឱ្យភាគីចិន ធ្វើការសិក្សាគម្រោង​ឱ្យបានឆាប់ និងប្រកបដោយការវិភាគ យ៉ាងល្អិតល្អន់ តាមលក្ខណៈបច្ចេកទេស, ក្រុមអ្នកជំនាញការជាតិកម្ពុជានិងអន្តរជាតិ នឹងចូលរួមសហការផ្ដល់យោបល់ ចំពោះ​ការវិភាគបច្ចេកទេសនានា ជាមួយអ្នកជំនាញការចិន នៅក្នុងដំណើរការនៃការជួសជុល។

គួរំលឹកថា គណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ព្រះវិហារ ត្រូវបានរៀបចំនិងបង្កើតឡើង ក្រោមកិច្ចខិតខំប្រឹងប្រែង របស់លោក បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីឆ្នាំ២០១៤ ដោយមានប្រទេសចិន និងឥណ្ឌាជាសហប្រធាន និងមានប្រទេសជាសមាជិកចំនួន​៧ផ្សេងទៀត ហើយបានជួបប្រជុំចំនួន​ ៤លើករួចមកហើយ៕