(ភ្នំពេញ)៖ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបានទទួលតំណែងជាប្រធានសមាគមខ្មែរ-ចិនថ្មី សម្រាប់អាណត្តិទី៥ ជាផ្លូវការហើយ បន្ទាប់ពីប្រធានសមាគមចាស់ លោកឧកញ៉ា ឌួង ឈីវ មានបញ្ហាសុខភាព ត្រូវបានចូលនិវត្តន៍។

ពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមខ្មែរ-ចិន សម្រាប់អាណត្តិទី៥ នេះរៀបចំឡើងនៅ សាលមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសមាជិក សមាជិកនៃសមាគមយ៉ាងច្រើនកុះករ។

អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបានសមាជិក-សមាជិកា នៃសមាគមគាំទ្រ ឲ្យដឹកនាំសមាគមខ្មែរចិនទូទាំងប្រទេស​ បន្ទាប់ពីមើលឃើញថា លោកជាបុគ្គលដែលមានសមត្ថភាព អាចនាំឲ្យសមាគមរីកចម្រើនបាន។

គួរបញ្ជាក់ថា អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានសមត្ថភាពក្នុងការដឹកនាំ ដោយលោកបានចូលអភិវឌ្ឍន៍ វិស័យធនាគារ និងវិស័យអចលនទ្រព្យជាដើមនៅកម្ពុជា ឲ្យមានការរើកចម្រើនយ៉ាងខ្លាំង៕