(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានបើកសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧។ សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ព្រមទាំងមន្ដ្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីបើកសន្និបាតលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានគូសបង្ហាញពីសមិទ្ធផលធំៗមួយចំនួនពាក់ព័ន្ធនិងវិស័យដីធ្លី សំណង់ ក៏ដូចជាលំនៅឋាន ដែលក្រសួងបានសម្រេចក្នុងឆ្នាំ២០១៦កន្លងទៅនេះ។ ពាក់ព័ន្ធបញ្ហាលំនៅឋានវិញ លោកទេសរដ្ឋមន្រ្តី បានឲ្យថា ក្រសួងបាននិងកំពុងខិតខំជំរុញអនុវត្តចក្ខុវិស័យសំដៅធ្វើឲ្យប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងទាប និងក្រុមជនងាយរងគ្រោះ ពិសេសតាមរយៈការផ្គត់ផ្គង់ផ្ទះ និងផ្តល់ដីសម្បទានសង្គមកិច្ច។

លោកទេសរដ្ឋមន្រ្តី បានបន្តថា សមិទ្ធផលដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០១៦ ក៏ដូចជាការងារ ដែលត្រូវដាក់ចេញសម្រាប់ឆ្នាំ២០១៧ គឺជាកត្តា ដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈទទូចចង់បាន។

លោករដ្ឋមន្រ្តី បានលើកឡើងដែរថា ជោគជ័យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រេចបានក្នុងឆ្នាំ២០១៦ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធិកម្មកាន់តែប្រសើរឡើងរបស់ក្រសួង ដែលកើតចេញពីចក្ខុវិស័យ នៃគោលនយោបាយ និងយុទ្ធសាស្រ្ត ដ៏ត្រឹមត្រូវ ពីសុឆន្ទៈដ៏មុះមុត និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់៕