(ភ្នំពេញ)៖ លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់បញ្ជាទៅមន្ទីរទេសចរណ៍ខេត្តសៀមរាប និងកម្លាំងនគរបាលទេសចរណ៍ ឲ្យចុះត្រួតពិនិត្យមើល​ភ្លាមៗ​ចំពោះ​ករណីជនជាតិបរទេស​មួយចំនួន កំពុងដើរតួ​ជាមគ្គទ្ទេស​ក៍នាំភ្ញៀវទេសចរជំនួស​ពលរដ្ឋកម្ពុជានៅតំបន់អង្គរ ខេត្តសៀមរាប។

លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៦ ខែមករានេះយ៉ាងដូច្នេះថា «បន្ទាប់ពីខ្ញុំឃើញព័ត៌មានចេញផ្សាយអំពី ករណីមាន​ជនបរទេស​ដើរតួ​ជាមគ្គទ្ទេស​ក៍ជំនួស​ជនជាតិខ្មែរ ខ្ញុំបានដាក់បញ្ជាទៅឲ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប និងកម្លាំងនគរបាលទេសចរណ៍ ចុះត្រួតពិនិត្យមើលករណីភ្លាមៗ, ព្រោះករណីនេះជាទង្វើខុសច្បាប់»

ការប្រកាសដាក់បញ្ជាឲ្យចុះត្រួតពិនិត្យមើលករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានមគ្គទ្ទេសក៍ទេសចរណ៍មួយរូបនៅក្នុងខេត្តសៀមរាប បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា មានជនបរទេសមួយចំនួនដូចជា ចិន កូរ៉េ និងវៀតណាមជាដើមនោះ បានព្យាយាមដើរតួធ្វើជាមគ្គទ្ទេសក៍សម្រាប់ជនជាតិរបស់ពួក គេជំនួសមគ្គទ្ទេសក៍​ជាជន​ជាតិកម្ពុជា។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ មគ្គទ្ទេសក៍ ដែលសូមមិនបង្ហាញឈ្មោះ បានថត និងចូលទៅហាម​ឃាត់បុរសជនជាតិចិនម្នាក់ ពេលបុរសជនជាតិចិនរូបនោះ កំពុងដើរ​នាំភ្ញៀវទេសចរជនជាតិចិនមួយក្រុមដើរលេងក្នុងតំបន់ទេសចរណ៍អង្គរ ដោយពុំមានមគ្គទ្ទេសក៍ជនជាតិខ្មែរនោះឡើយ។

ប្រកាសរបស់ក្រសួងទេសចរណ៍កាលពីខែកញ្ញា ឆ្នាំ២០០៦ បានចែងថា មគ្គទ្ទេសក៍ទេសចរណ៍ គឺជាបុគ្គលដែលទទួលនាំភ្ញៀវទេសចរជាតិ អន្តរជាតិ ធ្វើទស្សនកិច្ចកម្សាន្ត​នៅតាមគោលដៅទេសចរណ៍ផ្សេងៗក្នុងប្រទេស ព្រមទាំងធ្វើអត្ថាធិប្បាយបកស្រាយជូនភ្ញៀវទេសចរអំពីភូមិសាស្រ្ត ប្រវត្តិសាស្រ្ត រមណីយដ្ឋាន ប្រាសាទ បេតិកភណ្ឌ ជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គម ដោយប្រើប្រាស់ចំណេះដឹងជាភាសាជាតិ ឬ បរទេស ដែលមានការ​បណ្តុះ​បណ្តាល និងទទួលស្គាល់ពីក្រសួងទេសចរណ៍។ មគ្គទ្ទេសក៍ទេសចរណ៍ត្រូវមានដើមកំណើតជាជនជាតិកម្ពុជា៕