(រតនគិរី)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ក្រោមការណែនាំផ្ទាល់ពី លោក ថង សាវុន អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្ត​ បង្ក្រាបបទល្មើសពាក់​ព័ន្ធនឹងវិស័យបរិស្ថាន បានសរុប ១២៧ករណី ក្នុងនោះ​ លួចកាប់ឈើ​ ៥៩ករណី, បទល្មើសនេសាទ​២៣ករណី, បទល្មើសសត្វព្រៃ​២៤ករណី, បទល្មើស​លាក់អាវុធ​១ករណី, បទល្មើសលួចចូលក្នុងតំបន់ការពារធម្មជាតិ​១ករណី, និងបទល្មើសលួចនាំចូលឧបករណ៍ខុសច្បាប់ ចូលក្នុងតំបន់ការពារធម្មជាតិ​៤ករណី។

នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាត បូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ដ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោម​អធិបតីភាពលោកទេសរដ្ឋមន្រ្តី លី ធុជ និងដោយមានការ​ចូលរួមពី លោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្ត និងមន្ដ្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។

របាយការណ៍បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ ត្រូវបានធ្វើនៅ​ក្នុងឧទ្យានវីរៈជ័យ ​បង្ក្រាប និងទប់ស្កាត់បទល្មើស​ ៤៣ករណី ក្នុងនោះ​៖ លួចកាប់ឈើ​២១ករណី, បទល្មើសនេសាទ​៥ករណី, បទល្មើសសត្វព្រៃ​១១ករណី, បទល្មើសលាក់អាវុធ​ ១ករណី, បទល្មើសលួចចូលក្នុងតំបន់ការពារធម្មជាតិ ​១ករណី និងបទល្មើសលួច​នាំចូល​ឧបករណ៍ខុសច្បាប់។ ក្នុងតំបន់ការពារធម្មជាតិ ​៤ករណី ក្នុងនោះដកហូតវត្ថុតាងរួមមាន​៖ ឈើប្រណិតធ្នង់២១៣ដុំ និង២២បន្ទះ, រណារយន្ត ៨គ្រឿង, កាំបិត​២, កាំភ្លើងស្នប់​១ដើម, អាគុយ១២វ៉ុល​៥, ក្បាលឆក់​៤អាវុធ ម៉ាកAKស្វាយវែង​១ដើម, ម៉ូតូកែច្នៃចាស់​១គ្រឿង, កាំភ្លើងស្នប់​១ដើម, កាំភ្លើងកែច្នៃ​១ដើម, គ្រាប់​៦គ្រាប់, គិប​៧គិប, រំសេវ​០,០២ក្រាម, កាំបិត​៣, ពូថៅ​៥, ដឹង​៣ និងផ្លែសំរ៉ងខ្ចីមួយចំនួន​។

បន្ថែមពីនេះ​ ៤២ករណី បង្ក្រាបក្នុងឧទ្យានដែនជម្រកសត្វព្រៃលំផាត់ ​ក្នុងនោះមាន​៖ លួចកាប់ឈើ​៣ករណី, បទល្មើសនេសាទ​១៣ករណី, បទល្មើសសត្វព្រៃ​១១ករណី និងកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ​ ១៥ករណី។ ដកហូតវត្ថុតាងរួមមាន​៖ ឈើគ្រប់ប្រភេទ​២៤៣កំណាត់, រណារយន្ត​៣គ្រឿង, អាគុយ៤០អំពែ​៦គ្រាប់, ក្បាលឆក់​១០គ្រឿង ឌូដាក់ត្រី​១, ខ្សែអន្ទាក់​៣៧៩ខ្សែ និងលប់ដាក់សត្វពពូល​១​។

ដោយឡែកនៅឧទ្យានជាតិអូរយ៉ាដាវ បានទប់ស្កាត់បទល្មើស ៣៨ករណី ក្នុងនោះមាន លួចកាប់ឈើ​៣១ករណី, បទល្មើសនេសាទ​៥ករណី និងបទល្មើសសត្វព្រៃ​២ករណី ដោយដកហូតបានរណារយន្ត​៤គ្រឿង និងម៉ូតូ ២គ្រឿង។ ជាមួយគ្នានោះ នៅក្នុង​ឧទ្យានជាតិវើនសៃបានទប់ស្កាត់ និងបង្ក្រាបបទល្មើស ចំនួន​៤ករណី គឺបទល្មើសកាប់ឈើ ដោយ​ដកហូតបានរណារយន្ត​៣គ្រឿង ឈើធ្នង់​១សន្លឹក ចបជីក​១ និងចបកាប់​១​។

បច្ចុប្បន្នជនសង្ស័យដែលពាក់ព័ន្ធក្នុងបទល្មើសខាងលើនេះ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕