(ព្រះវិហារ)៖ ផ្ទះ៧ខ្នង ដែលជាអំណោយ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា ត្រូវបាន​នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍អតីតសមាគមន៍អតីតយុទ្ធជនកម្ពុជា ប្រគល់ជូនដល់ដៃគ្រួសារ​អតីតយុទ្ធជន នៅភូមិឆែបខាងកើត​ ឃុំឆែប​ ស្រុកឆែប នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។ ក្នុងពិធីប្រគល់ផ្ទះនេះ ក៏មានការចូលរួមពី ​លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

នាយឧត្តមសេនីយ៍​មាស សុភា បាន​នាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍​អតីតយុទ្ធជន​កម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន។

​នាយឧត្តមសេនីយ៍ បានបញ្ជាក់ ដោយធ្វើដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ​ នាំមកនូវ​សុខសន្តិភាព និងការរស់នៅសុខសាន្ត ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំង​កម្ពុជា ហើយដោយសារតែគុណូបការៈ មិនអាចកាត់ថ្លៃបានរបស់​អតីតយុទ្ធជននេះ ហើយ​ ទើបប្រមុខរាជរដ្ឋភិបាល មិនអាចបំភ្លេចបាន និងបានគិតគូរសព្វបែបយ៉ាងដល់បងប្អូនអតិតយុទ្ធជន​។

ក្រៅពីការប្រគល់ផ្ទះ៧ខ្នង ស្មើនឹង៧គ្រួសារនេះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភនូវថវិកា និងគ្រឿង​ឧបភោគបរិភោគដល់គ្រួសារអតីតយុទ្ធជន​ផងដែរ៕