(បន្ទាយមានជ័យ)៖ ដោយមានការសំណូមពរ និងការស្នើសុំពីអាជ្ញាធរមូលដ្ឋាន សាលាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់​សិស្សានុសិស្ស នៅសាលាបឋមសិក្សាបន្ទាយឆ្មារ ព្រមទាំងផ្សព្វផ្សាយដល់អាជីវករ ផ្សារបន្ទាយថ្មី សិ្ថតក្នុងខេត្តបន្ទាយមានជ័យ​ ព្រមទាំងដកហូត កម្ទេចមី ស្ករគ្រាប់ កម្ទេចនំ ដែលហួសកាលបរិច្ឆេទ៣៥គីឡូក្រាម។

​យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ​ដោយមានការណែនាំ និងសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សហការ​មន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត-ក្រសួង។

លោក ហុង លៀង អនុប្រធានសាខា ប្រធានការិយាល័យ ប្រមូលចំណូល ទីផ្សារ បានថ្លែងថា មន្រ្តីសមត្ថកិច្ចជំនាញក្រោយធ្វើការចុះផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាព​អាហារ ក៏បានដើរពិនិត្យមើលចំណីអាហារ ក៏ដូចជាទំនិញមួយចំនួននៅតាមទីផ្សា តាមតូបលក់ និងនៅក្នុងសាលា។

លោកបន្តថា មន្ត្រីជំនាញនៅតែបន្តផ្សព្វផ្សាយ និងណែនាំជំរុញឲ្យក្រុមអាជីករលក់ដូរ នៅក្នុងសាលាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវយកទំនិញ ដែលខូចគុណ ឬហួសកាលបរិច្ឆេទ ប្រើប្រាស់ឬដាក់តាំងលក់ នោះឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាព អ្នកដែលទិញយកទៅប្រើប្រាស់ជាពិសេស គឺសិស្សសាលាតែម្តង​៕