(ពោធិ៍សាត់)៖ ដោយសារទឹកចិត្ត ស្រឡាញ់វិស័យកសិកម្ម និងមិនចង់ឃើញផលិតផលកសិកម្ម ក៏ត្រូវពឹងផ្អែកតែលើការនាំចូលពីបរទេស បានជំរុញឲ្យយុវជនម្នាក់ សម្រេចចិត្តបោះទុន នូវទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ដាំដំណាំ Strawberry នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្នដំណាំ Strawberry របស់យុវជន អ៊ូច សំបូរ ដែលជាកសិករវ័យក្មេង បានចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ។

លោក អ៊ូច សំបូរ ដែលជាម្ចាស់ចំការ Strawberry បានប្រាប់ Fresh News ថា «ចំការ Strawberry របស់ខ្ញុំនេះ ក៏មានការសហការជាមួយ អ្នកជំនាញផ្នែកកសិកម្មម្នាក់ មកពីប្រទេសអេស្ប៉ាញផងដែរ ដោយចំណាយទុនប្រមាណ១០​ម៉ឺនដុល្លារ។ ការដែលខ្ញុំជ្រើសរើសដំណាំ Strawberry នេះព្រោះថា Strawberry ជាដំណាំកម្រ​នៅក្នុងប្រទេសកម្ពុជា និងជាដំណាំមួយដែលប្រជាជនក្នុងស្រុក និងក្រៅស្រុកនិយមចូលចិត្ត»។

លោក អ៊ូច សំបូរ បានឲ្យដឹងថា លោកបាននាំចូលកូន Strawberry ពីប្រទេសអេស្ប៉ាញ មកដាំលើផ្ទៃដី​​ចំនួនជិត២ហិកតា ដែលស្ថិតនៅភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ផ្ដល់យោបល់​ពីសំណាក់ អ្នកជំនាញផ្នែកកសិកម្មជាច្រើនរូបផងដែរ។ មូលហេតុដែលលោកជ្រើសរើស យកខេត្តពោធិ៍សាត់ ដាំដំណាំ Strawberry ដោយសារពោធិ៍សាត់ជាខេត្តមួយ ដែលមាន​​សីតុណ្ហភាពត្រជាក់ អំណោយផលចំពោះដំណាំ Strawberry ។

លោកបន្ដថា ក្រៅពីខេត្តពោធិ៍សាត់ នៅមានខេត្តជាច្រើនទៀត ដែលអាចដាំដំណាំ Strawberry បានរួមមាន ខេត្តមណ្ឌល​គីរី ជាដើម។

លោកបន្ថែមថា «ពិតជាមានបញ្ហាប្រឈម ក្នុងការដាំដុះ Strawberry ដោយសារនៅកម្ពុជាជាប្រទេសដែលមាន អាកាសធាតុក្ដៅ ចំណែកដំណាំ Strawberry ត្រូវការអាកាសធាតុត្រជាក់ខ្លាំង។ មួយវិញទៀតប្រសិនបើមាន ភ្លៀងធ្លាក់ច្រើនពេក អាចបណ្ដាលឲ្យ ផ្លែ Strawberry មានសភាពជាំខ្មៅ ខូច។ ម្យ៉ាងទៀតបញ្ហាដែលប្រឈមខ្លាំង គឺបញ្ហាបច្ចេកទេសក្នុងការដាំដុះ និងការថែទាំ ព្រោះយើងមិនមាន​ប្រើជាតិគីមី និងទាមទារឲ្យមានការថែទាំ យ៉ាងដិតដល់បំផុត»។

លោកបន្ដទៀតថា សម្រាប់តម្លៃ Strawberry គឺលក់ចេញពី១១-១៣ដុល្លារក្នុងមួយគីឡូ។

យ៉ាងណាក៏ដោយនេះ មិនមែនជាលើកទី១ទេ ដែលយុវជន អ៊ូច សំបូរ ដាំដំណាំ Strawberry។ កាលពីឆ្នាំទៅ លោក អ៊ូច សំបូរ ធ្លាប់បានដាំ​ដំណាំ Strawberry ម្ដងរួច​ទៅហើយ តែដោយសារតែខ្វះបទពិសោធន៍ បញ្ហាអាកាសធាតុមិនល្អ ទើបទទួលបរាជ័យ។ ប៉ុន្តែការបរាជ័យនេះ មិនបានបំបាក់ទឹកចិត្តលោកឡើយ លោកនៅតែមានសង្ឃឹមយ៉ាងមុតមាំថា ដំណាំ Strawberry របស់លោកនឹងមានការទទួល​​គាំទ្រច្រើន ពីសំណាក់អតិថិជន។

លោក អ៊ូច សំបូរ បន្ដថា ចំការរបស់លោក មិនមែនមានតែដំាដំណាំ Strawberry មួយមុខនោះទេ គឺមានការដាំដំណាំផ្សេងទៀតរួមមាន ម្នាស់ ក្រូច ប៊ឺរផងដែរ។

លោកបានបន្ដទៀតថា ដំណាំ Strawberry ជាដំណាំដ៏កម្រមួយ ដូច្នេះនៅពេលដែលបង្កបង្កើនផល គឺមិនខ្វះ​ទីផ្សារនោះឡើយ ព្រោះមានការនិយមចូលចិត្តច្រើន ពិសេសពីសំណាក់យុវវ័យ។

ជាមួយគ្នានេះផងដែរ លោក អ៊ូច សំបូរ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ឲ្យងាកមកប្រកបរបរដាំដំណាំ Strawberry ព្រោះថា ជាប្រភេទដំណាំដ៏កម្រ មួយនឹងអាចរកម្រៃបានច្រើន រួមទាំង អាចកាត់បន្ថយការនាំចូលពីក្រៅប្រទេសទៀតផង៕​​