(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានសម្រេចសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៧,៣០០ម៉ែត្រ និងអណ្តូងទឹកចំនួនពីរបន្ថែមទៀត បំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលការងារធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។

ការសម្រេចនេះ បានធ្វើឡើងក្នុងពេលលោកអភិបាលខេត្ត និងលោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិតេន ឃុំយ៉ាងទុង ស្រុកអូរយ៉ាដាវ នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ថង សាវុន ក៏បានស្នើឲ្យកម្លាំងនគរបាលប៉ុស្តិ៍​ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការជាមួយប្រជាពលរដ្ឋយកចិត្តទុកដាក់​ ដោះស្រាយជូនប្រជាពលរដ្ឋលើបញ្ហាមួយចំនួន ដែលពួកគាត់បានលើកឡើងដូចជា​ បញ្ហាគ្រឿងញៀន​ ក្មេងទំនើង​ អំពើហិង្សាក្នុងគ្រួសារ​ រួមទាំងការផ្តល់សេវាអប់រំ​ និងសេវាសុខភាពជាដើម​៕