(ព្រះវិហារ)៖ អាវុធហត្ថក្រុងព្រះវិហារ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាបករណីបទល្មើសព្រៃឈើ រឹបអូសបានឈើក្តាជិត៤០០សន្លឹក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

មន្ត្រីអាវុធហត្ថក្រុងព្រះវិហារ បានឲ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ លោកវរសេនីយ៍ត្រីចាន់ សុភិនណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារ ទើបកម្លាំងអាវុធហត្ថ សហការជាមួយជំនាញរដ្ឋបាលព្រៃ បានចុះបង្ក្រាបករណីបទល្មើសព្រៃឈើ ជាលទ្ធធ្វើការដកហូតបានឈើលេខ២ ប្រភេទឈើក្តាចំនួន៣៦៨សន្លឹក ស្មើនិង១៧,៥១២ម៉ែត្រគូប។

ក្រោយពីធ្វើការវាស់វែងរួចឈើទាំងនេះ ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាក់ចេញនៅវិធានការក្តៅ ដល់អជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវខិតខំបង្ក្រាបបទល្មើសនានាក្នុងខេត្តឲ្យមានប្រសិទ្ធិភាព៕