(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកនគរបាលអន្តោរប្រវេសន៍ បានថ្លែងក្នុងឱកាស​អញ្ជើញពិនិត្យ កន្លែងធ្វើការរបស់នគរបាលអន្តោប្រវេសន៍ ដែលត្រួតពិនិត្យលើ​ការចេញចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំណាយថវិកាជាង២លានដុល្លារ​​ សម្រាប់សាងសង់ កែលម្អច្រកទ្វារ និងធ្វើអគារឲ្យមន្ត្រីអន្តោរប្រវេសន៍ថ្មី ជាលក្ខណៈស្តង់ដារអន្តរជាតិ​។

ថ្លែងក្នុងការចុះត្រួតពិនិត្យ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល បន្ដថា​ «អគារអន្តោរប្រវេសន៍កម្ពុជាយើង មានទំហំធំជាងមុន និងមានរបៀបស្តង់ដា គឺមិនចាញ់ខាងភាគីថៃនោះទេ ​ហើយអគារអ្នកដំណើរថ្មីនេះ នឹងជួយសម្រួលការត្រួតពិនិត្យលិខិតឆ្លងដែន ​ឯកសារធ្វើដំណើរផ្សេងៗទៀត ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរដែលចេញ-ចូលតាមច្រកនេះ»

អគ្គនាយក នៃអគ្គនាយកនគរបាលអន្តោរប្រវេសន៍ បាន​បញ្ជាក់ថា បច្ចុប្បន្ននេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូររាល់បញ្ហាទាំងអស់​ជូនប្រជាពលរដ្ឋ អ្វីដែរសម្តេចតេជោ ព្រួយបារម្ភខ្លាំងនោះ គឺសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតែម្តង​។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ​បានស្នើឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ បន្តយកចិត្តទុកដាក់បន្ថែមទៀត ជៀសវាងធ្វើឲ្យភ្ញៀវ​ជាតិ-អន្តរជាតិ ថ្នាក់ថ្នឹងចិត្តឲ្យព្រោះខាងមុខនេះនឹង ទទួលបានកាដូរពីសម្តេចតេជោ ហ៊ុន សែន នូវអគារដល់ទំនើបស្តងដាអន្តរជាតិ​៕