(បន្ទាយមានជ័យ​)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍កម្ពុជា-ថៃ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ ​នៃ​ប្រទេស​ទាំង២ ក្នុង​កិច្ចប្រតិបត្តិការ​ទប់ស្កាត់​នូវ​បទល្មើស​ឆ្លងដែន​ដូចជា​អំពើ ភេរវកម្ម ឧក្រិដ្ឋកម្ម​ ការជួញដូរ​មនុស្ស​ ការជួញដូរ​គ្រឿងញៀន និងលិខិតស្នាមផ្សេងៗ។

ការប្រកាសចងសម្ព័ន្ធភាពជាមួយគ្នានេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជួបសំណេះសំណាលជាមួយ ​លោក ណាត់ ថា​ថន​ប្រក់​ស៊ូ​ន​ថន (Nathathorn Prousoontorn) អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នគរបាល​ថៃ។​ ក្នុងនោះភាគីទាំង២ បានជួប​ចាប់ដៃគ្នានៅលើ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយមានការចូលរួមពី មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

​លោក ណាត់ ថា​ថន​ប្រក់​ស៊ូ​ន​ថន (NaThaThorn Prousoontorn) និងនាយ​ឧត្ដមសេនីយ៍ សុខ ផល បាន​ថ្លែង​រួមគ្នា​ថា ការងារ​អន្តោប្រវេសន៍ គឺជា​កិច្ចការ​មួយ​ដែល​បណ្ដា​ប្រទេស​នានា ​ជួយ​រួមចំណែក​ទប់ស្កាត់​នូវ​បទល្មើស​ឆ្លងដែន ហើយ​​ក៏មាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ប្រទេស​ទាំង២ បាន​ចាប់ដៃគ្នា ចងសម្ព័ន្ធ​មេត្រីភាព​គ្នា ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ពិសេស​លើ​ការងារ​គ្រប់គ្រង​ច្រកព្រំដែន​អន្តរជាតិ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា និង​ប្រទេស​ថៃ។

អគ្គនាយកទាំង២ បានបញ្ជាក់ថា «​ថ្ងៃនេះ គឺ​យើង​សម្ដែង​នូវ​ការ​សាមគ្គី​គ្នា និង​សូម​ផ្ដាំផ្ញើ​ដល់​ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​នៃ​ប្រទេស​ទាំង​២​ចាប់ដៃគ្នា ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ដើម្បី​ធ្វើយ៉ាងណា​ការពារ​នូវ​ច្រកទ្វារព្រំដែន​របស់​យើង​ទាំង២នេះ ឲ្យ​បានទទួល​នូវ​ការបម្រើ​របស់​ប្រជាពលរដ្ឋ និង​បម្រើ​ការងារ​ការពារ​ស​ន្តិ​សុខ​សណ្ដាប់ធ្នាប់​ នៃ​ប្រទេស​ទាំង២ផង បង្ការ ទប់ស្កាត់បាន​នូវ​បទល្មើស​ភេរវកម្ម បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស​ជួញដូរ​គ្រឿងញៀន ព្រមទាំង​បទល្មើស​ផ្សេងទៀត​ដែល​ជនល្មើស​តែង​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ឆ្លង កាត់​នៅតាម​ច្រកទ្វារព្រំដែន​របស់​យើង​ នៃ​ប្រទេស​ទាំង២»។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នគរបាល​​ថៃ​ ក៏បាន​អញ្ជើញ​គណៈប្រតិភូ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នគរបាល​កម្ពុជា ​មក​កន្លែង​ការិយាល័យ និង​បានប្រគល់​វត្ថុ​អនុស្សាវរីយ៍ ​ឲ្យ​គ្នា​ទៅវិញទៅមក ក្នុងន័យ​រឹតចំណង​សាមគ្គីភាព​កាន់តែ​រឹងមាំជាដរាប។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍​កម្ពុ​ជា​ បាន​​ពិនិត្យមើល​កន្លែង​នគរបាល​អន្តោប្រវេសន៍​ ដែល​ត្រួតពិនិត្យ​លើ ការចេញចូល​របស់​ភ្ញៀវ​ជាតិ-អន្តរជាតិ បាន​ណែនាំ​ អប់រំដល់​នគរបាល​អន្តោប្រវេសន៍ ធ្វើយ៉ាងណា​ត្រូវបំពេញ​បែបបទ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ​ អន្តរជាតិ​ ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​ឆាប់រហ័ស​កុំ​ឲ្យ ពួកគាត់​មានការ​ថ្នាំងថ្នាក់ និង​បាន​ត្រួត​ពិនិត្យមើល​កន្លែង​ដាក់​ម៉ាស៊ីន​ស្កេ​ន ​មើល​សម្ភារៈ​ភ្ញៀវ របស់​ភ្ញៀវ​ជាតិ-អន្តរជាតិ​ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ចូលមក​​កម្ពុជា​​ផងដែរ៕