(ភ្នំពេញ)៖ សៀវភៅ «ហ៊ុនសែន -នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ» ដែលរៀបរាប់ពីនយោបាយ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលចងក្រង និងបោះពុម្ពផ្សាយ ពីអ្នកសែតជើងចាស់ និងក៏ជាសាស្ដ្រាចារ្យមួយរូប លោក ឆាយ សុផល បានប្រគល់ជូនដល់ដៃ សម្ដេចតេជោហើយ កាលពីយប់ថ្ងៃទី១៤មករា ក្នុងពិធីជួបជុំជាលើកដំបូងរវាងនាយករដ្នមន្រ្តី និងអ្នកសារព័ត៌មាន រួមទាំងអ្នកនាំពាក្យតាមស្ថាប័នក្រសួងនានា ប្រមាណ១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅ និងជាសាស្រ្តាចារ្យរូបនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh news នៅថ្ងៃទី១៥​ មករានេះថា «វាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ខ្ញុំជានិពន្ធ ដែលបានសរសេរសៀវភៅពីសម្ដេចតេជោ ហើយសម្ដេចតេជោ បានផ្ដល់នូវមតិយោបល់មួយចំនួន ឲ្យខ្ញុំ ដូច្នេះខ្ញុំត្រូវតែចងចាំទុក ដើម្បីយកទៅបន្ថែម នៅពេលដែលខ្ញុំបោះពុម្ពសៀវភៅនេះ ជាលើកទី៣នៅឆ្នាំ២០១៨»

លោកបន្ដថា «កាលពីយប់ម្សិលមិញនេះ សម្តេចតេជោបានមានប្រសាសន៍ មកខ្ញុំថា សម្តេចចូលចិត្តអាន ហើយថាសម្តេច ធ្វើជានាយករដ្នមន្រ្តីស្តីទី ចាប់ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលលោក ចាន់ ស៊ី ចូលមន្ទីរពេទ្យ ហើយសម្តេចថានឹងផ្ញើឯកសារខ្លះជូនខ្ញុំបន្ថែមទៀត ដើម្បីថែមនៅពេលបោះពុម្ព លើកទី៣ឆ្នាំក្រោយនេះ»

លោកបានបញ្ជាក់បន្ថែមពីខ្លឹមសារនៅក្នុងសៀវភៅ «ហ៊ុនសែន -នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ» ថា សៀវភៅនេះ ជាឯកសារជំនួយស្មារតី ផ្នែកនយោបាយ ក៏ដូចជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាច្រើនទៀត ព្រោះលោកបានរៀបរាប់ ដោយសង្ខេបស្តីពីរបត់នយោបាយ យោធា សេដ្ឋកិច្ច និងបញ្ហាសង្គមមួយចំនួនទៀត ដែលកើតមានក្នុងប្រវត្តិសាស្រ្តកម្ពុជានាអំឡុងមុនឆ្នាំ១៩៧០ រហូតមកដល់ពាក់កណ្តាល ខែមីនាឆ្នាំ២០១៦។ ការចេញផ្សាយសៀវភៅមួយនេះ គឺបានបង្ហាញពីអំណាចគ្រប់គ្រង របស់នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ។

លោកបន្ដថា ថ្វីបើសៀវភៅមានចំណងជើងធំៗសរសេរថា «ហ៊ុន សែន» ពិតមែន តែខ្លឹមសារដែលមាន កម្រាសជិត ៥០០ទំព័រ នេះ បានរៀបរាប់ពីនយោបាយ និងអំណាចប្រទាក់ក្រឡាគ្នា នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាផង​និងពិភពលោកផង ដោយមានពាក់ព័ន្ធនឹង ឥស្សរជនជាច្រើនទាំងខ្មែរ និងបរទេស ដែលកើតមាននៅមុនឆ្នាំ១៩៧០ រហូតមកដល់ពាក់កណ្តាល ខែមីនា ឆ្នាំ២០១៦ ក្នុងនោះក៏មាន ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិលោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ។

គួររម្លឹកថា លោក ឆាយ សុផល បានប្រគល់សៀវភៅជូនដល់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១,០០០ច្បាប់ តាមរយៈលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដើម្បីចែកជូនអ្នកចូលរួមក្នុងកម្មវិធីជួបជុំលើកដំបូងរវាងនាយករដ្នមន្រ្តីនិងអ្នកសារព័ត៌មាន ដែលសៀវភៅនេះ ជាការបោះពុម្ពជាលើកទី២ ដែលលើកទី១កាលពីឆ្នាំ២០១១កន្លងទៅ។ បើគិតមកដល់ពេលនេះ លោកបានចងក្រងចេញជាសៀវភៅ ប្រវត្តិសាស្រ្តផ្សេងពាក់ព័ន្ធនឹងព្រឹត្តការណ៏ក្នុងប្រទេស និងអន្តរជាតិបានជាច្រើនក្បាលមកហើយ៕