(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការណែនាំពី លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ បានចាប់ជនគ្រឿងញៀន៤នាក់ជាបន្ដបន្ទាប់ នៅចំណុចភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមួយនឹងការដកហូត ថ្នាំញៀន២កញ្ចប់ធំ រថយន្ដ១គ្រឿង និងលុយជាង២ពាន់ដុល្លារ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

នគរបាល បានឲ្យដឹងថា កម្លាំងនគរបាលជំនាញទទួលបានព័ត៌មានពីម្ចាស់រថយន្ដឈ្នួលថា ក្រុមជនសង្ស័យបានផ្ញើកេះស្នោបិតជិតមកពីខេត្តស្ទឹងត្រែង បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ជំនាញបានចុះទៅចំណុចកើតហេតុ ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ ចាន់ធី ចរិយាភា ភេទស្រី អាយុ២៥ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស​១កញ្ចប់ធំ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកធូដេ ពណ៌លឿង១គ្រឿង​។

នគរបាលបន្ដថា តាមចម្លើយសារភាព ​កម្លាំងជំនាញបន្ដឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត ដែលទី១៖​ឈ្មោះ ដុំ វាសនា ហៅស្នាដុំ អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ រី រម្យលី ហៅ​លី អាយុ២៨ឆ្នាំ និងទី៣៖ឈ្មោះ ទូច ចាន់កុសល ហៅរ៉ាស៊ីត ​ហើយដកហូតបាន ម្សៅក្រាមពណ៌ស១កញ្ចប់, ទូរស័ព្ទដៃ៣គ្រឿង​, រថយន្តម៉ាក RX300 ពណ៌ត្រាវ ១គ្រឿង, ប្រាក់ដុល្លារ១,៥៩០ដុល្លារ, ប្រាក់រៀល២,០៧០,០០០​រៀល​, លុយបាត២៤០បាត​, លុងដុង២០ម៉ឺនដុង​។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕​