(ភ្នំពេញ)៖ រហូតដល់ពេលនេះ ថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សទាំងពីរ នៅមិនទាន់ឯកភាពគ្នាទាំងស្រុងលើរបៀបវារៈជួបជជែកគ្នានៅឡើយទេ ខណៈដែល លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ស្នើឱ្យមានការជួបជជែកគ្នាមួយ នៅក្នុងអំឡុងខែមករានេះ ដើម្បីពង្រឹងវប្បធម៌សន្ទនា។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនៃរដ្ឋសភា បានឱ្យដឹងថា រយៈពេល២ថ្ងៃកន្លងទៅនេះ គណបក្សទាំងពីរ បានដាក់លិខិតជូនគ្នាទៅវិញទៅមក ដើម្បីជួបជជែកគ្នា។ សម្តេចក្រឡាហោម ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានកំណត់របៀបវារៈចំនួន២ សម្រាប់ការជជែកគ្នារវាងគណបក្សទាំងពីរ ក្នុងនោះទី១. តួនាទី និងសិទ្ធិអំណាចរបស់ប្រធានក្រុមភាគតិច-ប្រធានក្រុមភាគច្រើននៅក្នុងសភា និង កិច្ចការរបស់ថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សទាំងពីរ។ ឯលោក កឹម សុខា បានឆ្លើយតបថា លោកឯកភាពចំពោះរបៀបវារៈទាំងពីរនេះ ប៉ុន្តែលោកក៏បានដាក់របៀបវារៈចំនួន២ផងដែរ គឺស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្ត្រ ដើម្បីឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន និង ជជែកទាក់ទងសភាពការណ៍មុនការបោះឆ្នោត។ ប៉ុន្តែយ៉ាងណាក៏ដោយចំពោះរបៀបវារៈរបស់ លោក កឹម សុខា នេះសម្តេចក្រឡាហោម ស ខេង នៅមិនទាន់ឆ្លើយតបនៅឡើយទេ។

លោកបានបញ្ជាក់បន្ថែមថា រហូតដល់ពេលនេះ ភាគីទាំងពីរនៅមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេ សម្រាប់ការជួបជជែកគ្នានេះ ប៉ុន្តែលោកថា បើសិនជាជួបមែននោះអាចនឹងជជែកតែរបៀបវារៈ២ របស់សម្តេចក្រឡាហោម ដែលភាគីទាំងពីរឯកភាពគ្នាមុនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សទាំងពីរ បានចាប់ផ្តើមវប្បធម៌សន្ទនាជាថ្មី បន្ទាប់ពីរអាក់រអួលអស់រយៈពេលជាង១ឆ្នាំ។ ការបន្តវប្បធម៌សន្ទនារបស់ថ្នាក់ដឹកនាំ ក្រុមតំណាងរាស្រ្តគណបក្សទាំងពីរបានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស ហើយត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ជាប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។

មន្រ្តីគណបក្សប្រជាជនកម្ពុជា ធ្លាប់បានលើកឡើងថា កន្លងមក ចំពោះការរអាក់រអួល មិនបានជួបគ្នារវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ ដោយសារតែ គណបក្សសង្រ្គោះជាតិ មិនមានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ សម្រាប់ជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែ លោក សម រង្ស៊ី អតីតប្រធានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ហើយជាប់ពាក់ព័ន្ធនឹងសាលក្រមតុលាការថែមទៀត៕