(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំព្រឹត្តិការណ៍ឥណ្ឌា (Festival of India) នៅកម្ពុជា ដែលមានកម្មវិធីសម្ដែងសិល្បៈ Ramayana (រាម កេរិ៍ត) ដោយក្រុមសិល្បករ សិល្បការិនីឥណ្ឌា Kalakshetra Foundation ចំនួន៤៥រូប មកពីខេត្ត Chennai ក្នុងគោលបំណងរំលឹកខួបទី២៥ ដៃគូសន្ទាឥណ្ឌា-អាស៊ាន ដើម្បីរឹតចំណងមិត្តភាពកិច្ចសហប្រត្តិបត្តិការណ៍លើវិស័យទេសចរណ៍ និងវប្បធម៍ រវាងកម្ពុជា និងឥណ្ឌាឲ្យកាន់តែរឹងមុំាបន្ថែមទៀត ពិសេសកម្ពុជា និងឥណ្ឌាជាប្រទេសដែលមានទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តដ៏យូរលុងមកហើយ។

ការសម្ដែងសិល្បៈរបស់ឥណ្ឌា នឹងប្រព្រឹត្តទៅនៅរាជធានី ខេត្តចំនួន០៣ ក្នុងនេះ រាជធានីភ្នំពេញ នៅថ្ងៃទី១០-១១-១២ ខែមករា ឆ្នាំ២០១៧ នៅសាលសន្និសីទចតុមុខ សម្តែងនៅខេត្តសៀមរាបអង្គរ ថ្ងៃទី១៤ និង១៥​ ខែមករា ឆ្នាំ២០១៧ នាប្រាសាទបាយ័ន និងចុងក្រោយនៅខេត្តបាត់ដំបង ដែលនឹងចាប់ផ្តើមនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧​​។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Naveen SRVIASTAVA អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសម្ដែង នៅល្ងាចថ្ងៃទី១៤​ ខែមករា ឆ្នាំ២០១៧ នាប្រាសាទបាយ័ន ខេត្តសៀមរាប។

សូមជំរាបថា នៅឆ្នាំ២០១៥ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួន ៤.៨លាននាក់ ក្នុងនោះទេសចរឥណ្ឌា មកទស្សនាកម្ពុជា មានចំនួន៣៦,៦៧១នាក់ កើនឡើងចំនួន២៨.៥% ធៀបនឹងឆ្នាំ២០១៤។

ទេសចរឥណ្ឌា ចេញក្រៅប្រទេសសរុបក្នុងឆ្នាំ ២០១៥​ មានចំនួន ២០លាននាក់ ក្នុងនេះតំបន់អាស៊ានទទួលបានទេសចរឥណ្ឌាចំនួនត្រឹម ប្រមាណជាង ៣លាននាក់ប៉ុណ្ណោះ ហើយប្រទេសសឹង្ហបុរី និងប្រទេសថៃ ទទួលបានទេសចរឥណ្ឌាច្រើនជាងគេ ។

អង្គការទេសចរណ៍ពិភពលោក UNWTO បានគិតទុកថា នៅឆ្នាំ២០២០ ឥណ្ឌានឹងមានទេសចរចេញក្រៅប្រទេសប្រមាណ ៥០លាននាក់ ក្នុងនេះ កម្ពុជាបានដាក់ចេញនូវគោលដៅ យកទេសចរឥណ្ឌាឲ្យបាន ប្រមាណ១០ម៉ឺននាក់ផងដែរ។ សម្រាប់ឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៥លាននាក់ កើនឡើង៥% ដោយក្នុងនោះកម្ពុជា ទទួលបានទេសចរឥណ្ឌាប្រមាណ ៤៥០០០នាក់ កើន២៥%។

សញ្ញានៃការកើនឡើងរបស់ទេសចរឥណ្ឌានេះ សរបញ្ជាក់ថា ឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជា ហើយតាមរយះព្រឹត្តិការណ៍សម្តែងសិល្បៈនេះ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានាកន្លងមកបានជំរុញឲ្យមានកំណើនទេសចរណ៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ដូច្នេះយើងត្រូវ ខិតខំបន្តធ្វើសកម្មភាពផ្សព្វផ្សាយឲ្យបានច្រើនថែមទៀតទៅកាន់ទីផ្សារឥណ្ឌា ពិសេសត្រូវខិតខំជំរុញ ការតភ្ជាប់ជើងហោះហើរត្រង់ Direct Flight ពីប្រទេសឥណ្ឌាមកកម្ពុជា និងកម្ពុជាទៅកាន់ឥណ្ឌា៕