(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook ថា នៅឆ្នាំក្រោយនេះ ពិធីជួបជុំរវាងសម្តេច និងអ្នកសារព័ត៌មាន នឹងមានការអញ្ជើញសារព័ត៌មានគណបក្សប្រឆាំងចូលរួមដែរ ហើយអាចនឹងមានអ្នកចូលរួមទាំងអស់ប្រមាណ៣ទៅ៤ពាន់នាក់។

សម្តេចតេជោ ហ៊ុន​ សែន បានសរសេរនៅលើ Facebook នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះថា «ឆ្នាំក្រោយគឺយើងអាចអញ្ជើញបងប្អូនអ្នកសារ ព័ត៌មានពី៣ទៅ៤ពាន់នាក់ ក្នុងនោះគឺយើងនឹងអញ្ជើញសារព័ត៌មានបក្សប្រឆាំងចូលរួមពេញទីនៅទីនេះ»

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឡើងបន្ទាប់ពី មានសារព័ត៌មានមួយចំនួន បានសរសេររិះគន់អំពីការរៀបចំពិធីជួបជុំសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និង អ្នកសារព័ត៌មាន លើកដំបូងនេះថា មានការអញ្ជើញតែសារព័ត៌មានគាំទ្រ ហើយមិនបានអញ្ជើញដល់សារព័ត៌មាន ដែលរិះគន់រដ្ឋាភិបាលនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «យើងរស់នៅក្នុងប្រទេសតែមួយ ទោះបីយើងមានទស្សនៈខុសគ្នា ដូចជាអ្នកខ្លះគាំទ្ររដ្ឋាភិបាល អ្នកខ្លះគាំទ្របក្សប្រឆំាង គឺយើងអាចជួបគា្នបាន។ សូមក្រសួងមន្ទីរ និងជាពិសេសគឺខេត្តត្រូវរៀបចំអ្នកនាំពាក្យអោយបានត្រឹមត្រូវ និងពង្រឹងគេហទំព័រតាមក្រសួង មន្ទីរអោយបានល្អ (Website) និងហ្វេសប៊ុគ (Facebook)។ កន្លងមកក្រសួង មន្ទីរ និងខេត្តមួយចំនួនពុំមានព័ត៌មានទាន់ពេលវេលា (Not update)»

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណរដ្ឋមន្រី្តក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានរៀបកម្មវិធីជួបជុំនេះ និងអរគុណអ្នកសារព័ត៌មាន ទាំងអស់ ដែលបានមកចូលរួមនៅក្នុងពិធីជួបជុំល្ងាចនេះ។ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរអ្នកសារព័ត៌មានក្នុង ស្រុកទាំងអស់ ទទួលជោគជ័យក្នុវិជ្ជាជីវៈដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើង​ អោយកាន់តែរីកចម្រើន៕