(ភ្នំពេញ)៖ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានតុលាការដោះលែងឱ្យចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យហើយ នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ។ នេះបើតាមសេចក្តីរាយការណ៍ពី មន្រ្តីពន្ធនាគារខេត្តបន្ទាយមានជ័យ។

លោក ឌិន ពុទ្ធី ដែលជាប់ចោទរឿងបើករថយន្តបុកមន្រ្តីអន្តោប្រវេសច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានសភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅក្នុងសវនាការ កាលពីម្សិលមិញ។

លោក​ គីម​ សុជាតិ​ មេធាវី​ការពារ​ក្ដី​លោក​ ឌិន​ ពុទ្ធី​ បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមករា​ថា​ ក្រោយ​បើក​សវនាការ​ជា​អសាធារណៈ​ លោក​ ងួន​ រតនា​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​ដោះលែង​លោក​ ឌិន​ ពុទ្ធី​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ពោលគឺ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទី​លំនៅ​ និង​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ជាដើម​។ សវនាការ​នេះ​គឺ​គ្មាន​វត្តមាន​លោក​ ឌិន​ ពុទ្ធី​ នោះ​ទេ​ តែ​មេធាវី ​លោក​ គីម​ សុជាតិ​ ការពារ​ក្ដី​លោក ​ឌិន​ ពុទ្ធី​ បាន​ចូលរួម​សវនាការ​ដើម្បី​តតាំង​នីតិវិធី​។

សូមជំរាបថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅត្រង់ក្បាលស្ពាន​មិត្តភាពកម្ពុ​ជា​-ថៃ​ ច្រកទ្វារអន្ត​រជាតិប៉ោយប៉ែត​ រវាងថយន្តម៉ាក LEXUS RX300 ពាក់ស្លាក់លេខ ប-ជ 2A 5484 ពណ៌ស្ករ បើកបរដោយ លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត ដែលចុះរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ។ ករណីនេះសមត្ថកិច្ចក៏បាន ឃាត់ខ្លួន លោក ឌិន ពុទ្ធី អ្នកបើកបររថយន្តបញ្ជូនទៅតុលាការភ្លាមៗផងដែរ ហើយតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក ឌិន ពុទ្ធិ បណ្តោះអាសន្នតែម្តង។

សូមបញ្ជាក់ថា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ជុំវិញករណី​ គ្រោះថ្នាក់ចរាចណ៍​នេះ៕