(កំពង់ស្ពឺ)៖ រថយន្តកុងតឺន័រសណ្តាងកន្ទុយមួយគ្រឿង របស់ក្រុមហ៊ុន សូរ ងួន បានបើកបុកចូលផ្ទះ លោកឧត្តមសេនីយ៍យោធាផ្កាយ៣ អ៊ុក កោសា យ៉ាងពេញទំហឹង ទាំងកណ្តាលយប់ ឆ្លងចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា រថយន្តបង្កធ្វើដំណើរពីភ្នំពេញឆ្ពោះ ទៅខេត្តព្រះសីហនុ ស្រាប់តែដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកចូលផ្ទះលក់ភេសជ្ជ: (គ្មានមនុស្ស) ទាំងកំរោលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនទាន់ដឹងពីទំហំខូចខាត គិតជាទឹកប្រាក់ប៉ុន្មាននោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់នេះ ដោយសារតែរថយន្តកុងតឺន័រ បានបុកជាមួយនឹងរថយន្តដឹកអំបិល ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចរថយន្តកុងតឺន័រ ក៏រេចង្កូតបុកចូលផ្ទះ លោកឧត្តមសេនីយ៍យោធា តែម្តងទៅ។

សេចក្តីរាយការណ៍បានបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបរកុងតឺន័រ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗក្រោយកើតហេតុ៕