(ត្បូងឃ្មុំ)៖ ​អនុវត្ត​តាមបទបញ្ជា​របស់សម្តេចក្រឡាហោម ស  ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល​ជាតិ ​ព្រមទាំងទទួលបានការណែនាំពីលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំផងនោះ​ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ​លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្ត បានចុះដឹកនាំ​បើកការដ្ឋានឈូសឆាយដីទំហំ ប្រមាណ៦ហិកតា ដែលជាដី សម្រាប់ការសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយការឈូសឆាយនេះ ត្រូវចំណាយប្រាក់ជាង៤,០០០ដុល្លារ ដែលជាថវិកាបានមកពីការឧបត្ថម្ភរបស់ សប្បុរសជនក្នុងខេត្ត​។

លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា តាមគំរោងបន្ទាប់ពីការឈូសឆាយរួច លោក​នឹងសាងសង់អគារបណ្តោះអាសន្ន និងអគារស្នាក់នៅខ្លះៗ ជូនដល់បណ្តាការិយាល័យ អង្គភាពមួយចំនួន ដើម្បីទៅធ្វើការនិងថែទាំដីនោះ ទំរាំការសាងសង់ទ្រង់ទ្រាយធំបានចាប់ផ្តើម​។

សូមបញ្ជាក់ជូនថា ក្នុងអំឡុងខែមិនា ឆ្នាំ២០១៧ខាងមុខនេះរដ្ឋបាលខេត្តត្បូងឃ្មុំ នឹងត្រូវរើទៅធ្វើការនៅកន្លែងថ្មី ដូច្នេះស្នងការដ្ឋាន ក៏ចាំបាច់ត្រូវតែមានកម្លាំងមួយចំនួន ទៅកាន់ទីនោះដែរ៕