(ភ្នំពេញ)៖ អ្វីដែលអ្នកសារព័ត៌មានជាច្រើនស្ថាប័ននៅកម្ពុជា ទន្ទឹមរង់ចាំនឹងឈានមកដល់នៅថ្ងៃស្អែក នោះគឺជំនួបដ៏កម្រ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ នៅឯសណ្ឋាគារសុខាភ្នំពេញ។ អ្នកសារព័ត៌មានជើងចាស់ ដ៏ល្បីល្បាញចំនួន៣រូប រួមមាន លោក ឆាយ សុផល, លោក ហ៊ុយ វណ្ណៈ និងលោក ប៉ែន បូណា សុទ្ធតែបានចាត់ទុកថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកព័ត៌មានថ្ងៃស្អែក នេះ គឺជាការបង្ហាញពីការឲ្យតម្លៃខ្ពស់លើអ្នកសារព័ត៌មាន។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «ព្រឹត្តិការណ៍ថ្ងៃស្អែក ជាព្រឹត្តិការណ៍ប្រវត្ថិសាស្រ្ត១របស់អ្នកសារព័ត៌មាន ដោយសារថា នេះគឺជាជំនួបដ៏អស្ចារ្យមួយមិនធ្លាប់មានពីមុន ក្នុងរយៈពេលជិត៤០ឆ្នាំ នៃការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»។ លោក ហ៊ុយ វណ្ណៈ បន្តថា ជំនួបលើកនេះ សបញ្ជាក់ឲ្យឃើញថា ជាការទទួលស្គាល់ពីតួនាទីចាំបាច់របស់អ្នកសារព័ត៌មានដោយហេតុថា ការសហការគ្នារវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ជារឿងសំខាន់ ក្នុងការផ្តល់ព័ត៌មាន ដល់ប្រជាពលរដ្ឋ»

ប្រធានស.ស.ស.ករូបនេះ បានឲ្យដឹងថា «ប្រសិនបើអ្នកសារព័ត៌មាន និងអ្នកនាំពាក្យមិនយល់ចិត្តគ្នា ឬមិនសហការគ្នា នោះការផ្តល់ព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ និងមិនគ្រប់ជ្រុងជ្រោយនិងមានតែការខាតប្រយោជន៍ដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ការជួបគ្នារវាង សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជានិមិត្យរូបមួយនៃការសហការ និងឲ្យតម្លៃកាន់តែខ្ពស់ដល់វិស័យសារព័ត៌មាន»

ដោយឡែក លោក ប៉ែន បូណា និពន្ធនាយករបស់ស្ថានីយ៍ទូរទស្សន៍ PNN បានឲ្យដឹងដែរថា ជំនួបនៅថ្ងៃស្អែកនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់អ្នកសារព័ត៌មាន ហើយក៏ជាឱកាសមួយសម្រាប់សម្តេចតេជោ ហ៊ុន សែន និងអ្នកនាំពាក្យ រួមនឹងអ្នកសារព័ត៌មាន និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនទៀត បានជួបសំណេះសំណាលគ្នាជាលក្ខណៈគ្រួសារ ។

អ្នកសារព័ត៌មានចាស់វស្សារូបនេះបានបន្តថា «ព្រឹត្តិការណ៍នេះ កំពុងតែឲ្យតម្លៃលើអ្នកសារព័ត៌មាន និងជាការបង្កើន ទំនាក់ទំនងល្អលើគ្រប់ភាគី និងជាការជំរុញឲ្យវិស័យសារព័ត៌មានកាន់តែមានភាពល្អប្រសើរជាងមុន»

លោក ប៉ែន បូណា បានប្រាប់អង្គភាព Fresh News ថា លោកគាំទ្រឲ្យមានជំនួបបែបនេះ ក្នុងរយៈពេល១ឆ្នាំម្តង។ ក្នុងរយៈពេលនេះ គឺគ្រប់គ្រាន់ ហើយសម្រាប់អ្នកសារព័ត៌មាន ពីព្រោះថាអ្នកសារព័ត៌មាននៅតែមានទំនាក់ ជាមួយនាយករដ្ឋមន្រ្តី និងអ្នកនាំពាក្យ នៅក្នុងព្រឹត្តិការណ៍ជាច្រើនទៀត។

មិនខុសគ្នានឹង អ្នកសារព័ត៌មានល្បី២រូបនោះទេ លោក ឆាយ សុផល សាស្រ្តចារ្យព័ត៌មាន ក៏បានឲ្យដឹងថា «ជំនួបនេះអាចចាត់ទុកថា ជាប្រវត្ថិសាស្រ្តមួយ នៅក្នុងវិស័យសារព័ត៌មាន ហើយក៏ជាឱកាសឲ្យអ្នលសារព័ត៌មាន បានជួបជុំគ្នាជាមួយអ្នកសារព័ត៌មាន ទាំងបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ ជជែកពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ លោក ឆាយ សុផល ថាជំនួបនេះ អាចជាការលើកពីសំណូមពរ របស់អ្នកសារព័ត៌មាន ទៅកាន់អ្នកនាំពាក្យ និងសំណូមពរពីអ្នកនាំពាក្យទៅកាន់អ្នកសារព័ត៌មាន»

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងែទី១៤ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃជួបដំបូង ជាមួយអ្នកសារព័ត៌មាន។ សមាសភាពអ្នកចូលរួមក្នុងកម្មវិធីជួបជុំនេះរួមមាន ឥស្សរជនអតីតជាអ្នកកាសែត, អ្នកកាសែតក្នុងស្រុកល្បីៗ, អ្នកអត្ថាធិប្បាយវិទ្យុ ទូរទស្សន៍, អ្នកថតរូប ថតទូរទស្សន៍, អ្នកកាសែត, និពន្ធនាយកកាសែត ទស្សនាវដ្តី, អ្នកនាំពាក្យ តាមស្ថាប័នក្រសួង រាជធានីខេត្ត, ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត, អ្នកកាសែត Online ប្រមាណជាង៧០០នាក់៕