(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១-២០១៦ គ្រាប់មីនប្រឆាំងមនុស្សជាង ២ម៉ឺនគ្រាប់ ត្រូវបានកម្ទេចចោល ហើយផ្ទៃដីជាង ១០៩លានម៉ែត្រក្រឡា ក៏ត្រូវបានបោសសម្អាតផងដែរ សម្រាប់ធ្វើកសិកម្ម សាងសង់លំនៅឋាន និងកសាងរចនាសម្ព័ន្ធ។

លោកទេសរដ្ឋមន្រ្តី សេរី កុសល បញ្ជាក់បែបនេះក្នុងឱកាសលោកចូលរួមជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងទទួលជំនួយពីប្រទេសស្វីស ចំនួន ៣.៥លានដុល្លារអាមេរិក សម្រាប់ការបោសសំអាតមីន នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Rahel Boesch នាយកទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ជាមួយលោក Nick Beresford នាយកអង្គការ UNDP ប្រចាំនៅកម្ពុជា។

ថ្លែងក្នុងពិធីខាងលើ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ក្នុងចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ មីនប្រឆាំងមនុស្សចំនួន ២០,២៤០គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣២៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៤,៥៥០បំណែក ត្រូវបានកម្ទេចចោល និងផ្ទៃដីអាទិភាព ១០៩លានម៉ែត្រក្រឡា ត្រូវបានបោសសម្អាត សម្រាប់ធ្វើកសិកម្ម តាំងទីលំនៅ និងការកសាងរចនាសម្ព័ន្ធ»

លោកទេសរដ្ឋមន្រ្តីបានបន្តថា លទ្ធផលដែលបានពីការបោសសម្អាតមីនខាងលើនេះ មានប្រជាជនជិត ៤២០,០០០នាក់ ដោយក្នុងនោះមានស្ត្រី ២១០,០០០នាក់ និងសិស្សច្រើនជាង ១,០០០នាក់ ក៏បានទទួលផលប្រយោជន៍ ពីគម្រោងបោសសម្អាតមីនផងដែរ។

លោកទេសរដ្ឋមន្រ្តី សេរី កុសល បានបន្តថា អត្រាអ្នករងគ្រោះត្រូវបានកាត់បន្ថយពី ១៤៥នាក់ ក្នុងឆ្នាំ២០១០ មកត្រឹម ៣៣នាក់ ក្នុងឆ្នាំ២០១៦ ក្នុងខេត្តគោលដៅទាំង៣ របស់គម្រោងក្នុងនោះមាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ និងខេត្តប៉ៃលិន៕