(កោះកុង)៖ ដោយអនុវត្ត​ទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីភូមិ-ឃុំ មានសុវត្តិភាពជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០១៧ លោក ចន សុខុម មេបញ្ជាការអាវុធហត្ថក្រុងខេមរភូមិន្ទ បានបង្ហាញមុខក្រុមចោរលួចម៉ូតូ​២នាក់ ឪពុកនិងកូន ដែលធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ដែលចតទុកនៅចិញ្ចើមផ្លួវ ហើយចូលទៅរកទិញទំនិញ នៃការដាក់តាំងពិរពណ៌រវាងមិត្តភាពកម្ពុជា-ថៃ កាលពី​ថ្ងៃទី៦ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ចន សុខុម បានថ្លែង​ថា ជនសង្ស័យ២នាក់ឪពុកនិងកូន ទី១៖ ឈ្មោះ ទ្រី ពៅ ​អាយុ៥២ឆ្នាំ មានទីលំនៅឃុំកំពង់ស្វាយ ស្រុកកំពង់​សា្វយ ខេត្តកំពង់ធំ និងទី២៖ ឈ្មោះ ទ្រី សុផាន់ណា ​អាយុ៣២ឆ្នាំ​ ចំណែកបក្ខពួកម្នាក់ទៀតមានឈ្មោះ ថន តេង រត់គេចខ្លួន ហើយក្រុមជនសង្ស័យនេះ បានមកជួល​បន្ទប់ជួល​ស្នាក់នៅភូមិ៤ សង្កាត់ដងទង់ រយៈពេល២ខែមកហើយ។

លោកមេបញ្ជាការ បានបញ្ជាក់ថា ចំពោះម៉ូតូដែលជនសង្ស័យលួចបាននេះ ម៉ាកHonda Dream C125 ហើយជនសង្ស័យបានធ្វើការដោះដាក់ក្នុងកេះ ហើយយកចេញ​តាមរថយន្តក្រុង តែដោយម្ចាស់ក្រុមហ៊ុន មានការងើយឆ្ងល់ ក៏បានធ្វើការប្តឹងមកសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ ក្រោយឃាត់ខ្លួន​កម្លាំងអាវុធហត្ថបាន​បន្ដឆែក​ឆេរ​ដល់បន្ទប់ជួល ដោយរកឃើញគ្រឿងសោរសម្រាប់ ធ្វើសកម្មភាព១ប្រអប់ស្លាកលេខរដ្ឋក្លែងក្លាយផងដែរ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងអាវុធហត្ថជំនាញកំពុងកសាងសំណុំដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្ដ៕​