(ភ្នំពេញ)៖ លោក អេង រតនា ប្រធាននាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ  មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ បានជំរុញ និងស្នើឲ្យសហគ្រាសទាំងអស់ ដែលកំពុងធ្វើ ឬមានបំណង់ធ្វើសកម្មភាពជា ភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារឲ្យបានរួសរាន់ ព្រោះពេលវេលា ចាប់ផ្ដើមអនុវត្តចូលមកដល់ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។

ការជំរុញនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាស្ដីពី «ការបំពេញកាតព្វកិច្ច ជាភ្នាក់ងារសេវាកម្មពន្ធដារ» ដល់ក្រុមហ៊ុនដែលបំពេញ សេវាកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ ចំនួន៧៨ និងបេក្ខជន ដែលបានប្រឡងជាប់ភ្នាក់ងារ សេវាកម្មពន្ធដារចំនួន២៥០នាក់ សរុបចំនួន៣២៨នាក់។

លោក អេង រតនា បានបញ្ជាក់ថ្លែងទៀតថា ក្នុងករណីសហគ្រាស ធ្វើសកម្មភាពអាជីវកម្មភ្នាក់ងារសេវាកម្មពន្ធដារ ដោយគ្មានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្ម ពន្ធដារត្រូវទទួលរងពិន័យ ៥,០០០,០០០រៀល ដល់១០,០០០,០០០រៀល ឬជាប់ពន្ធធនាគារពី១ខែ ដល់១ឆ្នាំ ឬទោសទាំងពីរនេះ។  

ក្នុងឱកាសនោះផងដែរ លោក អេង រតនា បានសម្ដែងកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះវត្តមាន ថ្នាក់ដឹកនាំនាយកដ្ឋាន មន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងក្រុមហ៊ុនភ្នាក់ងារសេវាកម្ម ពន្ធដារ និងបេក្ខជន ដែលបានប្រឡងជាប់ភ្នាក់ងារសេវាកម្មពន្ធដារ ព្រមទាំងសម្ដែងការកោតសរសើរ ចំពោះសហគ្រាសភ្នាក់ងារសេវាកម្មពន្ធដារ ដែលបានយកចិត្តទុកដាក់គោរពច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ ជាពិសេសអនុវត្ត បានតាមប្រកាស ស្ដីពីភ្នាក់ងារសេវាកម្មពន្ធដារ និងសេចក្ដីជូនដំណឹងស្ដីពីការ ស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារ។

ភ្នាក់ងារសេវាកម្មពន្ធដារ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអ្នកជាប់ពន្ធ ឲ្យគោរពប្រតិបត្តិ ច្បាប់បានត្រឹមត្រូវ និងជួយលើកកម្ពស់វប្បធម៌ នៃការបង់ពន្ធឲ្យកាន់តែប្រសើរ។ ជាងនេះទៅទៀត ភ្នាក់ងារសេវាកម្មពន្ធដារ គឺជាអ្នកផ្សាភ្ជាប់ទំនាក់ទំនង រវាងអ្នកជាប់ពន្ធជាមួយរដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបែបបទ ដាក់លិខិតប្រកាសសារពើពន្ធ ប្រចាំខែ ប្រចាំឆ្នាំ និងបង់ពន្ធ-អាករទាំងឡាយ បង្ហាញ និងផ្ដល់ឯកសាររបាយការណ៍ និងលិខិតគតិយុត្តផ្សេងៗ របស់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងពន្ធដារ ជូនរដ្ឋបាលសារពើពន្ធ ស្របតាមបទប្បញ្ញត្តិស្ដីពីព្ធដារ បំពេញរាល់កាតព្វកិច្ច ដែលអ្នកជាប់ពន្ធត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ ទទួលព័ត៌មានជាប្រចាំអំពីការធ្វើបច្ចុប្បន្នភាព ឬវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិនានាស្ដីពីពន្ធដារ ជាដៃគូរសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលសារពើពន្ធក្នុងការពង្រីក និងពង្រឹងការផ្ដល់សេវា ការអប់រំដល់អ្នកជាប់ពន្ធ ធានាឲ្យបានការអនុវត្តច្បាប់ ព្រមទាំងទប់ស្កាត់ សកម្មភាពគេចវេះពន្ធផងដែរ។

លោក អេង រតនា ក៏បានផ្ដាំផ្ញើដល់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណ ភ្នាក់ងារសេវាកម្មពន្ធដារ និងបេក្ខជនដែលបានប្រឡងជាប់ភ្នាក់ងារ សេវាកម្មពន្ធដារទាំងអស់ ដែលជា អ្នកផ្ដល់សេវាកម្មផែ្នកពន្ធដារ ត្រូវប្រើប្រាស់ជំនាញ វិជ្ជាជីវៈរបស់ខ្លួន ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធ ភាពខ្ពស់គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងជួយអ្នកជាប់ពន្ធដទៃទៀត ឲ្យគោរពច្បាប់បានត្រឹមត្រូវ លើកកម្ពស់វប្បធម៌ នៃការបង់ពន្ធឲ្យកាន់តែទូលំទូលាយ ក្នុងគោលដៅចូលរួម ចំណែកកែទម្រង់ប្រព័ន្ធពន្ធដារ និងរដ្ឋបាលសារពើពន្ធឲ្យកាន់តែទទួលលទ្ធផលល្អប្រសើរ៕