(បាងកក)៖ សភាជាតិថៃ​ដែលគាំទ្រ​ដោយរដ្ឋាភិបាល​យោធា​នៅថ្ងៃសុក្រនេះ បានបោះឆ្នោតអនុម័ត​ហើយ​លើការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាមព្រះរាជបំណង​របស់​ព្រះមហាក្សត្រថៃថ្មីព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ហើយដែលការអនុម័តនេះ​ត្រូវបានគេមើលឃើញថា​ អាចនឹងជំរុញឱ្យការបោះឆ្នោត​សកលដែលគ្រោង​នឹងរៀបចំ​ឡើង​ក្នុងឆ្នាំនេះត្រូវពន្យាពេល។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​​សារព័ត៌មាន Reuters​ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញគំាទ្រ​ដោយរបប​យោធាថៃ​ត្រូវបានអនុម័ត​​តាមរយៈការបោះឆ្នោត​​ប្រជាមតិ​កាល​ពីឆ្នាំ២០១៦។ ក៏ប៉ុន្តែកាល​ពី​ថ្ងៃអង្គារកន្លងទៅ នាយករដ្ឋមន្ត្រី​ថៃលោក ប្រយុទ្ធ ចាន់អូចា បានថ្លែងថា​ព្រះមហាក្សត្រ​ថៃថ្មី​បានស្នើឱ្យមាន​ការកែ​ប្រែ​លក្ខន្តិកៈ​មួយចំនួន​ ​ពាក់ព័ន្ធ​នឹងអំណាច​ព្រះមហាក្សត្រ​នៅក្នុងសេចក្ដី​ព្រាង​​រដ្ឋ​ធម្មនុញ្ញ​ថ្មីនេះ។ ដូច្នេះ​ដើម្បី​កែប្រែលក្ខន្តិកៈ​ទំាងនេះ សភាថៃ​ត្រូវតែធ្វើការប្រែ​រដ្ឋធម្មនុញ្ញ​បណ្ដោះ​អសន្ន​ជាមុន​សិន ខណៈទំនាក់​រវាងព្រះមហាក្សត្រ​ថ្មី និងរបប​យោធា​​ថៃ​កំពុងស្ថិត​នៅក្នុង​ភាពស្រពិច​ស្រពិល​នៅឡើយ។

គួរបញ្ជាក់ថា​ការបោះឆ្នោតអនុម័ត​ស្ដីពីការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រូវបាន​អនុម័តដោយ​ក្រុមអ្នក​តំណាងរាស្ត្រ ២២៨នាក់ក្នុងចំណោមតំណាងរាស្ត្រ​សរុបទាំង​ ២៣១នាក់ រីឯសមាជិក ០៣នាក់ផ្សេងទៀតបានធ្វើអនុប្បវាទ៕