(ភ្នំពេញ)៖ លោក ចាន់ ប៉ាក (Chan Park) និងលោក ប្រាយអាន់ ច្រូតដឺ (Brian Shroder) តំណាងក្រុមហ៊ុន Uber របស់សហរដ្ឋអាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានឯកទេសខាងបណ្តាញដឹកជញ្ជូនអនឡាញ បានឲ្យដឹងថា ពួកគេមានការចាប់អារម្មណ៍ខ្លាំង ជាមួយទីផ្សារថ្មីរបស់កម្ពុជា ប៉ុន្តែត្រូវការពេលសិក្សាស្វែងយល់ អំពីស្ថានភាពសេដ្ឋកិច្ច កត្តាជីវភាពប្រជាជន និងបញ្ហាប្រឈម ជាមុនសិន។

ការលើកឡើងដូច្នេះ បានធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់ពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន Uber និងបានចែករំលែកជាមួយពួកគេអំពីកំណើននៃការ ប្រើប្រាស់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបាន ៧ភាគរយរៀងរាល់ឆ្នាំក្នុងមួយទសវត្ស ចុងក្រោយ។ ព្រមទាំងបានលើកយកសារៈសំខាន់នៃច្បាប់ E-Commerce របស់កម្ពុជា ពេលចូលជាធរមាន និងគុណប្រយោជន៍នៃប្រព័ន្ធ E-Payment ដែលមានភាពងាយស្រួលដល់អាជីវកម្មរបស់ក្រុមហ៊ុន Uber។

លើសពីនេះ លោក ប៉ាន សូរស័ក្តិ បានណែនាំដល់ក្រុមហ៊ុនេះ ចុះបញ្ជីក្រុមហ៊ុនជាមួយក្រសួងពាណិជ្ជកម្ម និងសហការជាមួយ ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងសាលារាជធានីភ្នំពេញជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Uber បានប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីអនុញ្ញាតឲ្យអតិថិជនដែលប្រើប្រាស់ Smartphones អាចបញ្ជូន ព័ត៌មាននៃការធ្វើដំណើរទៅកាន់ភ្នាក់ងារបើកបរ Uber ដែលស្ថិតនៅជិតពួកគេ ដើម្បីដឹកយកពួកគេទៅកាន់គោលដៅ។ នាពេលបច្ចុ ប្បន្ន ក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងចំនួន៥៤៥ នៃប្រទេសចំនួន៦៦ ជុំវិញពិភពលោក៕