(ភ្នំពេញ)៖ ​គិតរហូតដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងប្រមាណជាង៧០០ ករណីហើយ ពាក់ព័ន្ធនឹងការតវ៉ារឿងបញ្ជីឈ្មោះបោះឆ្នោត ក៏ប៉ុន្តែក្នុងនោះមានតែ១៦បណ្តឹងប៉ុណ្ណោះ ដែលមិនទាន់ដោះស្រាយបាន ហើយត្រូវបានបញ្ជូនពី មូលដ្ឋានទៅកាន់ការិយាល័យកណ្តាលរបស់ គ.ជ.ប។ នេះបើតាមការឱ្យដឹងពី លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ​.ប។

គ.ជ.ប បានទុករយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃ០៤ ដល់ទី១៤ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ នៅតាម ឃុំ/សង្កាត់នានា នៅទូទាំងប្រទេស ហើយ១០ថ្ងៃនេះ គ.ជ.ប ក៏ទុកពេលឱ្យអ្នកទៅពិនិត្យឈ្មោះទាំងនោះ ធ្វើការតវ៉ាផងដែរបើសិនជាមាន ភាពមិនប្រក្រតីណាមួយ។ ការប្តឹងតវ៉ា និងប្តឹងជំទាស់លើបញ្ជីបោះឆ្នោតថ្មី នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា រហូតដល់ពេលនេះ គ.ជ.ប ទទួលបានតែ ១៦បណ្តឹងប៉ុណ្ណោះពីថ្នាក់ក្រុមប្រឹក្សា-សង្កាត់ នៅទូទាំង ប្រទេស ក្រោយមាន ការដោះស្រាយរួចរាល់ ក្នុងចំណោមបណ្តឹងជាង៧០០។ លោក ហ្សង់ ពុទ្ធា លើកឡើងថា «គ.ជ.ប ទទួលបាន តែ១៦បណ្តឹងប៉ុណ្ណោះ ក្នុងចំណោម១៦បណ្តឹងសុទ្ធតែជាបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ ហើយក្នុងនោះមាន១៥បណ្តឹង ប្តឹងពីករណីមានការចុះឈ្មោះ ឲ្យជនជាតិរៀតណាម និង១បណ្តឹងទៀត គឺគណបក្សប្តឹងថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មិនព្រមដោះស្រាយ ពាក្យបណ្តឹងឲ្យ»

បន្ថែមពីលើនេះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប បានលុបឈ្មោះ អ្នកចុះឈ្មោះបោះឆ្នោតបាន២,៧៣៧នាក់ រួចរាល់ហើយ ដោយ គ.ជ.ប សំអាងថា អ្នកទាំងអស់នោះមានឈ្មោះសល់ពីការចុះឈ្មោះសាកល្បង និងមានការផ្ទេរការិយាល័យក្នុងឃុំ-សង្កាត់ និងដោយ សារតែ អ្នកចុះឈ្មោះទាំងអស់ នោះពុំមានឯកសារគ្រប់គ្រាន់តាមនីតិវិធីរបស់ គ.ជ.ប ហើយពេលនេះ គ.ជ.ប ក៏គ្រោងនឹងលុបឈ្មោះ ៨,៣៤៦នាក់បន្ថែមទៀត បើសិនជា គ្មានការតវ៉ាអំឡុងពេល១០ថ្ងៃតាមការកំណត់៕