(កណ្តាល)៖ លោក អោក បូរ៉ា ប្រធានគណៈពង្រឹងគណបក្សឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានបើកអង្គសន្និបាត​បក្សត្រួតពិនិត្យ វាយតម្លៃលទ្ធផល លើសេចក្តីព្រាងរបាយការណ៍គណបក្ស ដែលមានការចូលរួមពី សមាជិកសមាជិការបក្ស មកពីបណ្តាភូមិទាំងអស់ក្នុងឃុំព្រែកអំបិល ប្រមាណ៩៦៧នាក់។

សន្និបាតបក្សនេះ ដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ ឆ្នាំកន្លងមក និងលើកទិសដៅ​ភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយរបស់ គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការ​ជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។

លោក អោក បូរ៉ា បានលើកឡើងថា ដើម្បីធានាបាននូវសុវត្ថិភាព និងរបៀបរៀបរយនៃដំណើរការ សន្និបាតគណៈកម្មាធិការគណបក្សឃុំ សូមឲ្យ​សមាជិក-សមាជិកា​ទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ តាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់សន្និបាត ហើយតាមដានស្តាប់របាយការណ៍ និងមុនពេលអនុម័ត​បញ្ហាផ្សេងៗ សូមយកចិត្ត​ទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងគុណភាព៕