(ភ្នំពេញ)៖ ចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ និង កិច្ចការការពារអ្នកប្រើប្រាស់» ត្រូវបានចែករំលែកដល់​តំណាងសិស្ស យុវជនកាយរិទ្ធ និងយុវជនកាកបាទ​ក្រហម នៃវិទ្យាល័យព្រះយុគន្ធរ ចំនួន១៧០នាក់ ដោយមន្ត្រីជំនាញ​មកពីសាខា​កាំកុង​ត្រូលផែស្ងួត​ចុង​ទី-ភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះ។

មន្ត្រីជំនាញចំនួន៣រូប នៃអគ្គនាយកដ្ឋាន​កាំកុងត្រូល បានលើកយកប្រធានបទ​៣ សំខាន់ៗ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និង វិធានការពាក់​ព័ន្ធមួយចំនួន រួមមាន «ចំណេះដឹង​ទូទៅអំពីសុវត្ថិភាពម្ហូបអាហារ ពីកសិដ្ឋានដល់តុបរិភោគ», «សារធាតុគីមីហាមឃាត់ ដែលត្រូវបានលបលួចប្រើប្រាស់ ក្នុងម្ហូបអាហារ និងផល​ប៉ះពាល់» និង «សារៈសំខាន់ នៃសារធាតុអ៊ីយ៉ូត ដែលអាចរកបានយ៉ាងងាយក្នុងអំបិលអ៊ីយ៉ូត» រួមទាំងវិធានការចំបាច់មួយចំនួន សំរាប់ទប់ស្កាត់ ការលបលួចនាំចូល ការលបលួច​ផលិត​និងចែកចាយ ការលបលួចដកចេញឬ​ដាក់បន្ថែមនូវចំណែក​ណាមួយនៃម្ហូបអាហារ ផងដែរ។

លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលនៃអគ្គនាយកដ្ឋាន​កាំកុងត្រូល ដែលដឹកនាំវគ្គ​ផ្សព្វផ្សាយនេះ បានលើកឡើងក្នុងបទ​បង្ហាញរបស់លោកថា « ក្នុងន័យវិទ្យាសាស្ត្រ ពុំ​មានម្ហូបអាហារណាមួយ​ដែលគ្មានសារធាតុគីមីនោះទេ ! »។ លោកបានពន្យល់អោយដឹងថា គ្រប់ចំណីអាហារ​ទាំងអស់ សុទ្ធតែបង្ករឡើង​ដោយសារធាតុគីមី ក្នុងនោះ​មានសារធាតុគីមីពីរដែលផ្សំឡើង​ដោយ​ធម្មជាតិ​របស់វា និងសារធាតុគីមីដែល​ត្រូវបានដាក់​បន្ថែម។ សារធាតុគីមី​ដែលត្រូវដាក់បន្ថែម រួមមានសារធាតុគីមី​​ដែលបទដ្ឋាន​ម្ហូបអាហារ​​អនុញ្ញាត (ក្នុងកំរិតកំណត់ណាមួយ និងក្នុងដំណាក់​ណាមួយនោះ) និងសារធាតុគីមីដែល​បទដ្ឋាន​ម្ហូបអាហារ​មិនអនុញ្ញាត ដែលបង្កអោយ​ប៉ះពាល់ដល់​សុខភាព​អ្នក​ប្រើប្រាស់។

លោក ខៀវ បញ្ញាវឌ្ឍន៍ ក៏បានបញ្ហាញក្នុងបទ​ឧទ្ទេសនាម របស់លោកផងដែរ ដើម្បីកុំអោយអ្នកប្រើប្រាស់​មាន​ការភ័នច្រឡំថា អាហារដែលប្រមូល​​​ផលពី​ប្រភពធម្មជាតិ​សុទ្ធសាធ សុទ្ធតែមាន​សុវត្ថិភាពនោះ។ លោក បានលើកឡើងអំពីពពួកផ្សិត ប្រភេទមច្ឆា និង ក្រុមរុក្ខជាតិមួយចំនួន ក៏សុទ្ធតែមានសារធាតុ ពុលពីធម្មជាតិ របស់វា និងធ្វើ អោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងអាយុជីវិតទៀតផង។
ក្នុន័យនេះ លោកសំណូមពរអោយអ្នកអ្នកប្រើប្រាស់ម្ហូបអាហារគ្រប់រូប កុំមានទុដ្ឋិនិយមនឹងពាក្យ «គីមី» ដែលប្រាកចាកអត្ថន័យវិទ្យាសាស្ត្រខ្លាំងពេក ហើយក៏កុំអោយ អ្នកប្រើប្រាស់ទាំងអស់ មានសុទិដ្ឋិនិយមនិងពាក្យ «ធម្មជាតិ» ដោយពុំយល់ពីវិទ្យាសាស្ត្រពិតរបស់វាពេកដែរ។

ការគ្រប់គ្រងអាហារ​ដែលផលិតបានហើយពុំបានសម​ស្របតាមបច្ចេកទេស ការរក្សាទុកហួសកាលកំណត់ និងការចំអិនមិនបានត្រឹមត្រូវ ក៍ជាចំណែក​មួយនៃការធ្វើ  អោយ​ម្ហូបអាហារ បាត់បង់ទាំងគុណភាពនិងសុវត្ថិភាពផងដែរ។ ដូច្នេះ ចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ មានសារសំខាន់ណាស់ សំរាប់យើងទាំងអស់គ្នា ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់។

ជាចុងបញ្ចប់ លោក ខៀវ បញ្ញាវឌ្ឍន៍ ទទូចសុំអោយកសិករទាំងអស់ មេត្តាប្រើប្រាស់សារធាតុគីមី​ទៅលើដំណាំរបស់ខ្លួន តែចំពោះសារធាតុគីមីណា​ដែលមានក្នុង​បញ្ជីអនុញ្ញាត​របស់ស្ថាប័នជំនាញ  ក្នុងដំណាក់កាល និងរយៈពេលមួយកំណត់ទៅ​តាមការណែនាំដែល​មាននៅ​លើសំបកវេច​ខ្ចប់នោះ។ អ្នកចែកចាយទាំងអស់ ក៏សូម​មេត្តាកុំដាក់បន្ថែម នូវសារធាតុណាមួយ ដោយពុំមានបទដ្ឋានកំណត់ ឬតាមលំអានតៗគ្នា ទោះក្នុងគោលបំណងណាមួយក្តី។
មាត្រាទី១៧ នៃច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា» ការកែច្នៃផលិតផលតាមរបៀបណា​មួយ រួមមានការដាក់បញ្ចូលបន្ថែម ឬការដកចេញចំណែកណាមួយ ដែលពុំត្រូវបានអនុញ្ញាត​ដោយបទបញ្ញត្តិ ឬធ្វើឡើងដោយទំលាប់ ត្រូវបានបានហាម​ជាដាច់ខាត។ បទល្មើសនៃមាត្រា១៧នេះ នឹងត្រូវ​ផ្តន្ទាទោស​ដោយមាត្រា៦៣ នៃច្បាប់ដដែល អោយជនល្មើស​ជាប់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥លាន​ដល់១០លានរៀល ឬមួយទោសណាមួយ ក្នុងចំណោមទោសទាំងពីរ ៕