(ពោធិ៍សាត់)៖ ជនសង្ស័យម្នាក់ទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀន ឈ្លោះគ្នាជាមួយគ្នាជិតខាងដុតផ្ទះខ្លួនឯងចោល ឆេះខ្ទេចគ្មានសល់។ហេតុការណ៍នេះ កើតឡើង​នៅម៉ោង​ប្រមាណជិត៨យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិ​កណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជឿន សាវង់  អាយុ២២​ឆ្នាំ ឪពុកឈ្មោះ ជិន ចាន់ណា អាយុ​៤៧​ឆ្នាំ និងម្តាយឈ្មោះ យស់ ណែម អាយុ​៤៣​ឆ្នាំ។

នគរបាលថា មូលហេតុដែលនាំឲ្យជនសង្ស័យដុតផ្ទះបែបនេះ ដោយសារផឹកស្រាវឹងហើយឈ្លោះជាមួយគ្នាជិតខាង ក៏ដុតផ្ទះខ្លូនឯងដោយតែម្ដង។ ផ្ទះរងការខូចខាត​ស្រុង​នេះ មាន​ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក​ និងសម្ភារៈមួយចំនួនទៀត។

ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕