(កំពង់ឆ្នាំង)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ផ្តាំផ្ញើដល់ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ​ទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ព្រោះ​បញ្ជីនេះ នឹងត្រូវបញ្ឈប់ការដាក់ប្រកាសហើយ នៅប៉ុន្មាន​ថ្ងៃទៀត។

ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោក ​អញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារស្នាក់ការ​គណៈ​ដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងនៅភូមិព្រែកពីស ឃុំច្រែស ស្រុកកំពង់ត្រឡាច។

លោករដ្ឋមន្ដ្រីប្រតិភូអម បានបន្ថែមថា «អ្នកដែលបានចុះឈ្មោះបោះឆ្នោតត្រូវពិនិត្យ និង​ផ្ទៀងផ្ទាត់នូវឈ្មោះពិតប្រាកដរបស់យើង ក្រែងមានការខុសឆ្គងណាមួយ ព្រោះ​យើងនឹងត្រូវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាខែមិថុនានេះហើយ ដែលវាជាការសម្រេចចិត្តជ្រើសតាំងមេដឹកនាំឃុំ-សង្កាត់របស់យើង ជាអ្នក​ផ្តល់ទំនុកចិត្ត និង​កសាងសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិយើង និងសហគមរបស់យើងផងដែរ»

ជាមួយគ្នានោះដែរ លោកក៏បានចែកអំណោយនិមិត្តរូប ជាជំនួយម៉ាឡេស៊ី ក្នុងនោះរួមមានអង្ករ៥គីឡូក្រាម សម្រាប់ប្រជាពលរដ្ឋក្រី​ក្រ និងចាស់ជរា​៤០០នាក់  ហើយអ៊ីម៉ាំ​ព្រះចៅអធិការវិហារ៤២នាក់ មកពី៤២ភូមិ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងម្នាក់បានសារុង១ ផ្តល់កង្ហារ១២គ្រឿង សម្រាប់វិហារចំនួន៣ សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស​៣០០​នាក់ ដោយឡែកភាគីម្ចាស់ជំនួយ​ ក៏បានផ្តល់ថវិការ៥០០ដុល្លារបន្ថែម ជាការចូលរួមក្នុងកិច្ចការសាងសង់ទីស្នាក់ការ។

សូមបញ្ជាក់ថា ទីស្នាក់ការដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់នាពេលនេះ មានការិយាល័យ១ខ្នង មានទំហំ​៦ម៉ែត្រ  គុណ​១៤ម៉ែត្រ និង​វេទិការ មានទំហំ​៦ម៉ែត្រ គុណ​៨ម៉ែត្រ ធ្វើអំពីថ្ម  ចំណាយទឹកប្រាក់សរុប ១៣,១២១.៩០ដុល្លា ដែលជាជំនួយសប្បុរសជនក្នុងស្រុក ក្រៅស្រុក និងបដិភាគរបស់សាសនិកឥស្លាមតាមបណ្តាភូមិ នៃ​ខេត្តកំពង់ឆ្នាំង។  
ក្នុងពេលនេះដែរលោក អូស្មាន ហាស្សាន់ បានឧបត្ថម្ភទឹកប្រាក់២,០០០ដុល្លារ សម្រាប់បង្គ្រប់ថ្លៃសាងសង់អាគារ និងបន្ថែមលើអំណោយអង្ករ៥គីឡូក្រាម ចែកជូនខ្លះ​ប្រជាពលរដ្ឋ៤០០គ្រួសារ៕