(ភ្នំពេញ)៖ មន្ដ្រីនគរបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ព្រោះពេលនេះមានជនជាតិចិនមួយក្រុម មានគ្នា៣នាក់ កំពុងតែដើរយកស្ពាន់ទៅលក់ ហើយប្រាប់ជាមាសពិតប្រាកដ។ បុរសជនជាតិចិនទាំងអស់នោះបាន យកដុំស្ពាន់បន្លំថាជាមាសសុទ្ធ ដោយមានរូបរាងដូច មាសស្នូក និងរូបសំណាក របស់ប្រទេសចិន។

យោងតាមពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧របស់ជនរងគ្រោះឈ្មោះ ឈួន គីទូច និងឈ្មោះ គឹម សុខចំរើន បានបញ្ជាក់ថា ​នៅវេលាម៉ោង៤៖១០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មានបុរសជនជាតិចិន​៣នាក់ បានទំនាក់ទំនងមកជនរងគ្រោះ គឹម សុខចំរើន ដែលចេះភាសាចិន តាមរយៈទូរស័ព្ទលេខ ០៨៦ ៦៥ ២២ ៥៨ ថាមានមាសយកមកលក់ឲ្យចំនួន​២១ដុំ។

​ក្រោយមកបុរសជនជាតិចិនទាំង៣នាក់នោះ បានយកមាសសុទ្ធ១ដុំ មកឲ្យជនរងគ្រោះពិនិត្យសិន ហើយជនរងគ្រោះបានយកមាសនោះ ទៅឲ្យជាងមាសដុត ឃើញថា​ជាមាសសុទ្ធមែន បន្ទាប់មកបុរសជនជាតិទាំង៣នាក់ ក៏យកមាស​២០ដុំមកបន្ថែមទៀត ដោយតម្លៃសរុប មាស ២១ដុំនោះ គឺ​១០,៧០០ដុល្លារ​។

លុះ​​ទទួលលុយពីជនរងគ្រោះភ្លាម ពួកគេបានចាកចេញយ៉ាងប្រញាប់ដោយសន្យាថា នឹងយកដុំមាសមកលក់ឲ្យទៀត ប៉ុន្តែក្រោយពីបុរសចិនចេញទៅបាត់ ជនរងគ្រោះបានយកមាសទៅឲ្យជាងមាសដុតមើលទើបដឹងថា ជាស្ពាន់​ ដោយក្រុមបុរសជនជាតិទាំង៣នាក់នោះ មានគំនិតទុច្ចរិត ប្រើល្បិចកលបន្លំ បោកប្រាស់។

ហេតុដូច្នេះ​ សូមបងប្អូនប្រុងប្រយ័ត្នកុំឲ្យជនទាំងនោះបោកប្រាស់​ ហើយប្រសិន​ប្រជាពលរដ្ឋឃើញជនជាតិចិនទាំង៣នាក់ដូចរូបថត សូមទាក់ទងលេខទូរស័ព្ទ ០១០ ៥៨៨ ៤៨៩ និង០៩៧ ៧៦១ ៦២៩ ៨៕