(កណ្ដាល)៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពុកឬស្សី ក្រោយការសម្របសម្រួលពី លោក លឹម សុគន្ថា ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ​នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុច​ភូមិពុកឬស្សីក្រោម ឃុំ​ពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រី អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញ ឃាត់ខ្លួនបាននេះឈ្មោះ ​ផន សុភីន ហៅ​ភីន អាយុ​១៨ឆ្នាំ មានទីលំនៅភូមិ ពុកឬស្សីកណ្តាល ឃុំ​ពុកឬស្សី ស្រុកខ្សាច់កណ្តាល ដោយឡែកបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់នោះឈ្មោះ ​​ស្រេង ធារះហៅ​បារាំង អាយុ១៩ឆ្នាំ និងឈ្មោះ ជា កានីន ហៅចេកចៀន អាយុ១៨ឆ្នាំ​។

បើតាមលោកអធិការរង ក្នុងប្រតិបត្តិការនេះ នគរបាលដកហូតបាន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន​១, ​ទូរស័ព្ទ​២គ្រឿង​, ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ដាវ២ដើម និងសម្ភារៈមួយចំនួនទៀត។ ​ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕