(ហុងកុង)៖ មន្ត្រីធំលំដាប់ទី២ម្នាក់​ក្នុងទីក្រុង​ហុងកុង លោកស្រី Carrie Lam បានសម្រេច​ចិត្តលាលែង​ពីមុខតំណែង​ហើយ​នៅ​ថ្ងៃព្រហស្បតិ៍នេះ ក្រោមការ​រំពឹង​ថា​លោកស្រី​អាចនឹង​ចូលរួម​ប្រកួត​ប្រជែងក្នុង​ការ​បោះឆ្នោត​ យកតំណែងជា​មេដឹកនាំ​ទីក្រុងហុងកុង នៅខែមីនា​ខាងមុខនេះ។ នេះបើតាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅក្នុងតំបន់​ដែលដកស្រង់​​ដោយ​ទីភ្នាក់ងារ​​សារព័ត៌មាន Reuters នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

យោងតាម​ស្ថានីយទូរទស្សន៍​ខែ្សកាប​ហុងកុង លោកស្រី Lam​ បានដាក់លិខិតលាលែង​ពីមុខតំណែងជា ប្រធាន​លេខាធិការ​ក្រុងហុងកុងហើយ ប៉ុន្តែភ្លាមៗ​ខាង​ការិយាល័យ​លោកស្រី​នៅមិន​ទាន់ធ្វើការ​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ​ទេ ខណៈអតីតលេខាធិការហិរញ្ញវត្ថុ​លោក John Tsang ដែលបាន​លាលែងពី​តំណែង​កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ២០១៦ ក៏ត្រូវបាន​គេរំពឹងទុក​ដែរថា នឹងអាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​លោកស្រី Lam ​យកតំណែង​ជា​មេដឹកនាំ​ទីក្រុង​ហុងកុង បើទោះជា​លោកមិនទាន់​ប្រកាស​ជាផ្លូវការក៏ដោយ។

គួរបញ្ជាក់ថាលោកស្រី Lam មានអាយុ​៥៩ឆ្នាំ និងតែងតែ​ស្លៀករ៉ូប​ប្រពៃណី​ចិន Cheongsam បានកាន់​តំណែង​ជាប្រធានលេខាធិការ​ក្រុងហុងកុង ចាប់​តាំងពី​ឆ្នាំ២០១២។ មិនតែ​ប៉ុណ្ណោះស្ត្រីរូប​នេះ ត្រូវបានគេ​ស្គាល់ថា ជាមនុស្សម្នាក់មាន​វិន័យតឹងរ៉ឹង​ និងពេញដោយសមត្ថភាព​​រហូតដល់មានអ្នកខ្លះ​ដាក់រហ័ស្ស​នាម​ឱ្យលោកស្រី​ថា «អ្នកចម្បាំង» ទៀតផង៕