(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក នូ វាសនា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្ដន្ទាទោស នាយកក្រុមហ៊ុននាំស្រា «ប្លង់ទីន» ពីកម្ពុជាទៅប្រទេសវៀតណាម ដាក់ពន្ធនាគារ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងបទឆបោកប្រាក់»

ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឲ្យជនជាប់ចោទសងសំណងប្រាក់ដើមទៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន២៨៧០០០ដុល្លារ និងសងជំងឺចិត្ត១ម៉ឺនដុល្លារ ព្រមទាំងពិន័យប្រាក់ឲ្យបង់ចូលថវិការដ្ឋចំនួន២លានរៀលផងដែរ តែតុលាការបានបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះឈ្មោះ ខេង រ៉ាវី ភេទប្រុស អាយុ៥៨ឆ្នាំ។

មន្រ្តីតុលាការបានឲ្យដឹងថា ករណីនេះបានកើតឡើង នាអំឡុងដើមឆ្នាំ២០១៥ដោយឈ្មោះ ខេង រ៉ាវី បានបបួលមិត្តភ័ក្រ២នាក់រួមមាន៖ ឈ្មោះ គិត សុធា និងឈ្មោះ លី គឹមហ៊ុន ចូលហ៊ុនគ្នាបើកក្រុមហ៊ុននាំស្រាម៉ាក «ប្លង់ទីន» ពីកម្ពុជាទៅលក់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះ GP ដែលមានឈ្មោះ ឡេ វ៉ាន់ថាវ ជានាយកក្រុមហ៊ុន។ ដំបូងឡើយ ពួកគេមានដើមទុនសរុបជិត១លានដុល្លារ ហើយការរកស៊ីដំបូង បានចំណេញប្រាក់ចែកតាមភាគហ៊ុន។

លុះដល់ឆ្នាំ២០១៦ ខាងក្រុមហ៊ុនវៀតណាមមិនបង់ប្រាក់ឲ្យថ្លៃស្រា ទើបក្រុមហ៊ុនដួលរលំខាតឡុងចុងទៅ។ ពេលនោះម្ចាស់ភាគហ៊ុន លី គឹមហ៊ុន និង គិត សុធា ប្ដឹងទាមទារប្រាក់ដើមតែម្ដង ទើបជាមូលហេតុដែលគាត់ចេញមូលប្បទានប័ត្រឲ្យមកឈ្មោះ លី គឹមហ៊ុន តែសែកនោះមិនទាន់មានប្រាក់ទេ។

សូមបញ្ជាក់ថា ក្រោយពេលប្រកាសសាលក្រមលើសំណុំរឿងឆបោកនេះរួចហើយ ចៅក្រមតុលាការ បានបន្តសវនាការរឿងក្ដីមួយថ្មីទៀត ដោយមានជនជាប់ចោទឈ្មោះខេង រ៉ាវី ដដែល ជាប់ចោទពីបទឆបោក។

ដើមបណ្ដឹងក្នុងក្ដីថ្មីនេះឈ្មោះ គិត សុធា ដែលប្ដឹងទាមទារប្រាក់ដើមចំនួន ៨២៩៤២ដុល្លារ និងទាមទារជំងឺចិត្ត៥ម៉ឺនដុល្លារ​ ហើយតុលាការនឹងប្រកាស សាលក្រមរឿងឆបោកនេះនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ៕