(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន ស្ថានីយ៍ទូរទស្សន៍ MyTV និង​ក្រុមហ៊ុន Fu Lu Shou Co.,Ltd បានចុះអនុស្សារណៈនៃការយោគយល់ ស្តីពីយុទ្ធនាការផ្សព្វផ្សាយ សារអប់រំបរិស្ថាន បែបគំនូរជីវចលរឿង «ចៅកូរ» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​។

​អនុស្សារណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព នៃការអប់រំផ្សព្វផ្សាយលើក កម្ពស់ការយល់ជាសាធារណៈ អំពីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព គ្រាដែលគំនូជីវចលរឿង «ចៅកូរ» នឹងត្រូវផលិតឡើងចំនួន​១៨ភាគ ដែលមានចាក់ផ្សាយចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ខាងមុខនេះតទៅ លើកញ្ចក់ទូរទស្សន៍ My​TV និងផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមFacebook ក្រសួងបរិស្ថាន និងគេហទំព័រដែលមាន អាស័យដ្ឋាន www.moe.gov.kh។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា តាមរយៈការផលិត និងបង្កើតវីដេអូបែបគំនូរជីវចលនេះ មិនមែនជាលើកទីមួយទេ នៅប្រទេសកម្ពុជា សម្រាប់ធ្វើការអប់រំ ក៏ដូចជាការផ្លាស់ប្តូរនូវផ្តត់គំនិតរបស់ប្រជាជន ដោយឡែករឿង «ចៅកូរ» ជាសាច់រឿងថ្មីមួយទៀត បង្កើតឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបទាក់ទងទៅនឹងវិស័យបរិស្ថាន ដល់សាធារណជន ដោយនៅក្នុងសាច់រឿងនេះ បានបង្កប់នូវសារអប់រំជាច្រើន ចាប់ពីកុមារ តូចៗឡើងទៅ។

លោករដ្ឋមន្ត្រី បានបន្ត​​ថា ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ជាច្រើន នៅក្នុងការលើកកម្ពស់ការអប់រំបរិស្ថាន ទៅដល់ប្រជាជន និងការក៏សាងសង្គមឲ្យមានការរីកចម្រើន។

​គួរបញ្ជាក់ថា ហត្ថលេខីក្នុងពិធីនេះ រួមមាន​ចូលរួមជាតំណាងដោយ លោកស្រី ងិន លីណា អគ្គនាយិកា នៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក លឹម ឃុនស្រ៊ុន អគ្គនាយកស្ថានីយ៍ទូរទស្សន៍ MyTV និង លោក សុខ សំណាង ប្រធានក្រុមហ៊ុន Fu lu Shou Co.,Ltd ដែលជាក្រុមហ៊ុននាំចូលចូលផលិតផល Pocari Sweat៕