(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងសន្តិសុខ និងសមត្ថកិច្ចជាច្រើននាក់ ចុះទៅបង្ក្រាបទីតាំងជល់មាន់ និងបាញ់អាប៉ោងមួយ កន្លែង ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ។

លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដកហូតម៉ូតូជាង៥០គ្រឿង មាន់ជល់៩ក្បាល ព្រមទាំងសម្ភារល្បែងមួយចំនួនទៀតផងដែរ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅបង្ក្រាបនោះ បានធ្វើឲ្យអ្នកដែលញៀនល្បែងរាប់សិបនាក់បាននាំគ្នារត់ព្រោងព្រាត ចោលស្បែកជើង ចោលម៉ូតូ និងទ្រព្យសម្បត្តិជាច្រើនផងដែរ។

លោក ឃឹម ស៊ុនសូដា បានឱ្យដឹងថា លោកនឹងចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យទាល់តែអស់ នៅក្នុងមូលដ្ឋានរបស់លោកក៏ដូចជា សង្វៀនជល់មាន់នេះជាដើម ដែលធ្វើឱ្យមានកាវឹកវរ រញ៉េរញៃអនាធិបតេយ្យ នៅក្នុងមូលដ្ឋាន និងបង្កឲ្យកើតមានហិង្សា វិនាសទ្រព្យសម្បត្តិក្នុងគ្រួសារ ជាពិសេសនោះ គឺបង្កឲ្យកើតនៅចោរកម្ម លួច ឆក់ ប្លន់ជាដើម។

សម្រាប់ទីតាំងជល់មាន់លួចលាក់មួយនេះ ត្រូវបានអាជ្ញាធរដុតកម្ទេចចោលតែម្តង៕