(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ និងប៉ុស្តិ៍ក្រាំងធ្នង់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧​នេះ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដកហូតថ្នាំញៀនមួយចំនួន។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា នៅសង្កាត់ឃ្មួញ កម្លាំងនគរបាល បានឃាត់ខ្លួនមនុស្សចំនួន៥នាក់ (ប្រើប្រាស់៤នាក់ និងផ្តល់ទីតាំងឲ្យ​ប្រើប្រាស់​ម្នាក់) ព្រមទាំងដកហូតបានឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ។

លោក ម៉ក់ ហុង បានបន្តទៀតថា សម្រាប់សង្កាត់ក្រាំងធ្នង់ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សម្នាក់ ដកហូតបានថ្នាំញៀនចំនួន១កូនថង់។

បើតាមលោកអធិការ សម្រាប់ជនសង្ស័យទាំង៦នាក់ ត្រូវបាននាំយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕