(សៀមរាប)៖ ឆ្លៀតឱកាសនៅក្នុងដំណើរអមលោកប្រធានាធិបតីសិង្ហបុរី ទៅកាន់ខេត្តសៀមរាបអង្គរ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះលោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍បានចុះពិនិត្យមើល និងពន្យល់អប់រំណែនាំដល់ក្រុមអ្នករត់ម៉ូត៉ូឌុប អ្នករត់ម៉ូតូកង់បី ឲ្យចូលរួមរៀបចំសណ្ដាប់ធ្នាប់ រួមចំណែកអភិវឌ្ឍន៍ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អទាំងអស់គ្នា។

ថ្លែងជាមួយក្រុមអ្នករត់ម៉ូតូ លោករដ្ឋមន្រ្តី ថោង ខុន បានលើកឡើងថា ក្នុងនាមជាអ្នកផ្ដល់សេវាជូនភ្ញៀវទេសចរ យើងត្រូវរួមគ្នារៀបចំសណ្ដាប់ធ្នាប់ បញ្ចៀសការកកស្ទះ និងពាក់អាវសំគាល់ត្រឹមត្រូវ(អាវកាក់)។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា បរិស្ថានបរិសុទ្ធក៏ជាកត្តាសំខាន់ ព្រោះតំបន់ទេសចរណ៍ណាក៏ដោយ ទាមទារចាំបាច់ត្រូវ​មានបរិស្ថាន​ស្អាត អនាម័យ សណ្តាប់ធ្នាប់ល្អ។ ដូច្នេះអ្នកគ្រប់គ្នាដែលអាស្រ័យនៅទីនេះ ដាច់ខាតកុំចោលសំរាមផ្ដេសផ្ដាសឲ្យសោះ ហើយក៏ត្រូវចូលរួមរើសសំរាម ត្រូវគិតគូរ​និងអនុវត្ត​ទាំងអស់គ្នា ព្រោះផ្តើមចេញពីយើងទាំងអស់គ្នាមុនគេ។

លោករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសគឺតំបន់សៀមរាបអង្គរនេះតែម្ដង ដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ ឯកជន និងប្រជាពលរដ្ឋ។ ដូច្នេះក្នុងនាមជាអ្នករត់ម៉ូត៉ូឌុប អ្នករត់ម៉ូតូកង់បី ក៏ត្រូវរួមចំណែកអនុវត្តការងារនេះទាំងអស់គ្នា។ លើសពីនោះបញ្ហាសុវត្ថិភាពចរាចរណ៍គឺជាកត្តាសំខាន់ណាស់សម្រាប់ភ្ញៀវទេសចរណ៍។​

លោករដ្ឋមន្រ្តី ថោង ខុន បានពន្យល់ថា មូលហេតុសំខាន់ដែលទាមទារឲ្យមានការរួមចំណែកអនុវត្តការងារទាំងនេះ គឺដើម្បីផ្គាប់ចិត្តភ្ញៀវទេសចរ ព្រោះកាលណា បើគេមិនពេញចិត្តនឹងសេវារបស់យើងហើយ ថ្ងៃក្រោយពួកគេនឹងមិនមកជួលសេវាយើងទៀតទេ។

ប្រមុខដឹកនាំវិស័យទេសចរណ៍រូបនេះបានបន្ថែមថា ការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន ក៏ដូចជាបញ្ហាសណ្ដាប់ធ្នាប់ អនាម័យសាធារណៈតែងបាន បង្កជាផលលំបាកដ៏ច្រើន ដូចជាបង្កើនការចំណាយលើថ្លៃប្រេងឥន្ទនៈច្រើនឡើងៗ ដោយសារតែការកកស្ទះរៀងរាល់ថ្ងៃ ខាតពេលវេលាទាំងខ្លួនឯង និងភ្ញៀវទេសចរ បង្កការធុញទ្រាំដល់អារម្មណ៍ភ្ញៀវទេសចរ ដែលជិះលើម៉ូតូ ឬរឺម៉កកង់បីរបស់យើង ពិសេសកាលណាគ្រឿងយន្តទាំងនោះ បញ្ចេញផ្សែងច្រើនបានធ្វើឲ្យប៉ះពាល់បរិស្ថាន បំពុលខ្យល់អាកាស និងកើតមានបញ្ហាជាច្រើនទៀត។ ហើយបើសណ្តាប់ធ្នាប់មិនត្រូវបានរៀបរយល្អទេ សូម្បីតែរកផ្លូវឲ្យទេសចរដើរកំសាន្ត ឬទិញទំនិញក៏លំបាកដែរ រំខានអារម្មណ៍ភ្ញៀវណាស់។

បញ្ហាមួយទៀត គឺការយកថ្លៃឈ្នួលសេវាដឹកជញ្ជូនពីភ្ញៀវទេសចរក៏សុំឲ្យសមរម្យ។ បើភ្ញៀវមានអារម្មណ៍មិនពេញចិត្ត និងអាចលើកឡើងនូវការរិះគន់ផ្សេងៗ ដល់សេវារបស់យើង ប៉ះពាល់ដល់កិត្តិយសប្រទេសទាំងមូល។

លោករដ្ឋមន្រ្តី បានបន្តទៀតថា នៅពេលណាដែលភ្ញៀវទេសចរពេញចិត្ត នឹងសេវាកម្មរបស់យើង ថ្ងៃក្រោយពួកគេប្រាដកជាមករកសេវាយើងទៀត ហើយភាពស្មោះត្រង់ និងភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ខ្មែរយើង នឹងត្រូវបានផ្សព្វផ្សាយទៅក្រៅប្រទេស ឮដល់ភ្ញៀវទេសចរដទៃៗ ដែលចង់ឃើញចង់មកកម្ពុជា​ស្រាប់ផង គេប្រាដកជាមកទស្សនាជាមិនខាន នោះហើយគឺជាផលប្រយោជន៍ថ្មីៗ សម្រាប់យើងទាំងអស់គ្នា។  

សូមជំរាបថា តាមរបាយការណ៍ផ្លូវការរបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០១៦ ខេត្តសៀមរាបទទួលបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៥លាននាក់។ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ២,៨៣៧,២៣៨នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២,២០៥,២៧៤នាក់ កើន៣.៧៨% បើប្រៀបធៀបនឹងឆ្នាំ២០១៥ត្រឹមតែ ២,១២៤,៨៦៣នាក់៕