(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានអំពាវនាវជាថ្មី ឲ្យប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ សូមអញ្ជើញ ទៅពិនិត្យបញ្ជីឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដំបូង ដើម្បីឲ្យប្រាកដថា ឈ្មោះរបស់ខ្លួនមានក្នុងបញ្ជីបោះឆ្នោត និងមានទិន្នន័យ និងរូបថតត្រឹមត្រូវប្រាកដមែន។

ជាមួយគ្នានេះ គ.ជ.ប ក៏បានបញ្ជាក់ទៀតថា ក្នុងករណីបាត់ឈ្មោះ ឬមានឈ្មោះ ឬទិន្នន័យ ឬរូបថតមិនត្រឹមត្រូវ សូមសាមីខ្លួន ឬតំណាងមេត្តារួសរាន់ប្តឹងតវ៉ា ទៅក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដើម្បីសុំធ្វើការកែតម្រូវជាបន្ទាន់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាការកត់សំគាល់ គ.ជ.ប បានមើល​ឃើញថា មានប្រជាពលរដ្ឋជាច្រើននាក់ បានទៅពិនិត្យបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតនៅ តាមទីកន្លែងបិទផ្សាយ ហើយជា​មួយគ្នានេះ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បានពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន តាមគេហទំព័រ www.voterlist.org.kh ផងដែរ។

គួរបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុប ចេញពីបញ្ជីបោះឆ្នោត និងការប្តឹងតវ៉ា និងប្តឹងជំទាស់លើបញ្ជីបោះឆ្នោតថ្មី នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ៕