(ព្រះសីហនុ)៖ ក្រុមការងារអធិការកិច្ច ក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ លោក ជិន ម៉ាលីន អនុរដ្ឋ​លេខាធិការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានចុះធ្វើអធិការកិច្ច និងស្រាវជ្រាវបន្ថែម ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋចំនួនបីរូប ដែលត្រូវបានទទួលរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោល ហើយថែមទាំងត្រូវបាន គេប្តឹងឱ្យជាប់គុកទៀត នៅខេត្តព្រះសីហនុ។

លោក ជិត ម៉ាលីន បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «ក្រុមការងារអធិការកិច្ច បានជួបប្រជុំ និងសាកសួរព័ត៌មាន ជាមួយគ្រប់ភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរដែនដី ជនជាប់ចោទ គ្រួសារជនជាប់ចោទ និងសាលាដំបូង ខេត្តព្រះសីហនុ ហើយលទ្ធផលនៃការស្រាវជ្រាវ ក្រសួងយុត្តិធម៌នឹងជម្រាប ជូននា​ពេលក្រោយ»

សូមជម្រាបថា បន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា «ប្រជាពលរដ្ឋស្លូតត្រង់ចំនួន៣នាក់ ត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោលហើយ ថែមទាំងត្រូវបានជនអាងអំណាច ប្តឹងឲ្យចាប់ដាក់គុក តាមរយៈអំណាចតុលាការ» នៅព្រលប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ លោករដ្ឋមន្ត្រីក្រសួងយុតិធម៌ បានណែនាំឲ្យលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដឹកនាំក្រុមការងារអធិការកិច្ច ចុះស្រាវជ្រាវលើករណីនេះជាបន្ទាន់។

គួររំលឹកថា ប្រជាពលរដ្ឋស្លូតត្រង់ចំនួន៣នាក់ ដែលត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោលហើយ ថែមទាំងត្រូវបានជនអាងអំណាច ប្តឹងឲ្យ​ចាប់ដាក់គុក តាមរយៈអំណាចតុលាការ ទាំងដីធ្លីដែលមានទំនាស់នោះ ត្រូវបានអាជ្ញាធរផ្តល់សិទ្ធិស្របច្បាប់។

ប្រជាពលរដ្ឋ៣នាក់ រងភាពអយុត្តិធម៌ត្រូវគេចាប់ដាក់គុកនោះ មានឈ្មោះទី១៖ វ៉ាន់ នី អាយុ៤២ឆ្នាំ ភេទស្រី, ទី២៖ វ៉ាន់ ធឿន ភេទស្រី អាយុ៣៥ឆ្នាំ និង ទី៣៖ វ៉ាន់ តឿ ភេទប្រុស អាយុ៤០ឆ្នាំ ដែលពួកគាត់ជាកសិករ រស់នៅភូមិអូត្រាវ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមអំណាច​សាលក្រមតុលាការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ។

បន្ទាប់ពីកើតមានរឿងដ៏មហាអយុត្តិធម៌នេះ ក្នុងភូមិអូត្រាវ ទាំងអស់បាននាំគ្នាផ្តិតមេដាយ សុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ពីអភិបាលខេត្តព្រះសីហនុផងដែរ ហើយលោកអភិបាលខេត្ត យន្ត មីន បានព្យាយាមខ្នះខ្នែង ដើម្បីដោះស្រាយរឿងនេះ ប៉ុន្តែដោយសារតែ នៅកម្ពុជាអំណាចនីតិប្រត្តិបត្តិ និងអំណាចតុលា​ការ ស្ថិតនៅដាច់ដោយឡែកពីគ្នា លោកមិនអាចជ្រៀតជ្រែកបានឡើយ៕