(កណ្តាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ប្រកាសព្រមានដល់ម្ចាស់រថយន្ដដឹកទំនិញ និងរថយន្ដដឹកដី ដឹក​ខ្សាច់​ទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ខេត្តកណ្ដាល ប្រសិនបើនៅបន្ដមិនស្ដាប់ការណែនាំ ដោយដឹកទំនិញលើសទម្ងន់ទៀត មន្ទីរសាធារណការ នឹងប្រើ​ធម៌ក្ដៅ ចាត់វិធានការតាមផ្លូវច្បាប់ជាមិនខាន។

ថ្លែងបែបនេះ នៅពេលដែល​លោក​ដឹកនាំក្រុមការងារជំនាញ ចុះបើកការដ្ឋានជួសជុលផ្លូវលេខ​មួយចំនួន នៅល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដែលរង​ការ​ខូចខាត ក្លាយទៅជាផ្លូវថ្លុក សំបុកមាន់ បង្កឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងជួសជុលឡើងវិញ ​ដើម្បីសម្រួលចរាចរ ដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជា​ពិសេសងាយស្រួលដល់​ពលរដ្ឋរស់នៅជាប់ដងផ្លូវ អាចប្រកបរបរលក់ដូរបានស្រួលផងដែរ និងបានជួសជុលបង្ហើយផ្លូវលេខ២១A​។

​ក្នុងឱកាសបើកការដ្ឋាននោះ លោកប្រធានមន្ទីរសាធារណការ បានប្រកាសព្រមានធ្ងន់ៗ ដល់ក្រុមអ្នករកស៊ីដឹកទំនិញ ដឹកដី ​ដឹកខ្សាច់ថា «​សូម​ឲ្យគោរព​ខ្លួន​​ឯង​​ផង ត្រូវផ្ទុកតាមទម្ងន់កំណត់ កុំដាក់លើសទម្ងន់ ហើយកុំចាំទាល់តែមន្ទីរ​មានវិធានការក្តៅនោះ ប៉ុន្តែបើបងប្អូនទាំងនៅមិន​គោរពតាមការណែនាំ​នោះ មន្ទីរនឹងមានវិធានក្តៅទៅលើរថយន្តណា មិនគោរពច្បាប់នាពេលដ៏ខ្លីខាងមុខ»

ជាមួយគ្នានោះដែរ លោកបានបញ្ជាក់ថា ​ដោយមានការណែនាំពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោក ម៉ៅ ភិរុណ អភិបាល​ខេត្តកណ្តាល បានក្រើនរំលឹកជាប្រចាំឲ្យលោកខិតខំ ដឹកនាំកម្លាំងមន្ត្រីជំនាញចុះពិនិត្យគ្រប់ផ្លូវ ដែលមន្ទីរជាអ្នកទទួលមើលថែទាំ កុំ​ឲ្យផ្លូវទាំងនោះក្លាយជាផ្លូវផ្លុកសំបុកមាន់ ឬក៏រហូតដល់ផ្តាច់ចរាចរ​នោះ​។

លោកប្រធានមន្ទីរបន្តថា ក្រោយពីរដូវភ្លៀងធ្លាក់នោះ លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះទៅជួសជុល រួចរាល់ជាស្ថាពរ ហើយមិនមានផ្លុកសំបុកមាន់​​​​​ទៀតនោះទេ ហើយទន្ទឹម​និងលោកជួសជុលរួច សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់​ស្របដងផ្លូវទាំងអស់ សូមចូលជួយថែរក្សាផ្លូវ ដោយកុំយកសំរាម​ចោលមាត់លូ ប្រសិនឃើញមានកំណក់ដីនៅមាត់លូ សូមជួយកាយចោលផង ដើម្បីសម្រួលផ្លូវទឹកកុំឲ្យ ទឹកកកស្ទះនៅលើផ្លូវធ្វើឲ្យផ្លូវឆាប់ខូចខាតទៅវិញ ព្រោះការចូលរួមពីបងប្អូននេះ គឺជាការសំខាន់បំផុតមិនអាចខ្វះខាតបានទេ៕​