(ព្រះវិហារ)៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បាន​ការអំពាវនាវឲ្យ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកុំព្យាយាមសាកល្បងឲ្យសោះ។

ថ្លែងអំពាវនាវបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ សិស្សានុសិស្ស ដែលរៀបចំឡើងដោយក្រុមហ៊ុន «គូបូតា» សាខាខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានលើកថា «គ្រឿងញៀនវាបានបំផ្លាញសព្វបែបយ៉ាងដល់អ្នកដែលប្រើប្រាស់វា​ បាត់បង់អនាគត បាត់បង់សុខភាព និងបាត់បង់អ្វីៗជាច្រើនទៀត ដូច្នេះអ្នកដែលមិនទាន់ប្រើប្រាស់ សូមកុំព្យាយាមសាកល្បងឲ្យសោះ ចំណែកអ្នកដែលបានប្រើប្រាស់ គួរតែបញ្ឈប់ និងត្រូវនៅឲ្យឆ្ងាយពីវា»។ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវធ្វើការទប់ស្កាត់បញ្ហាចរាចរគ្រឿងញៀននេះឲ្យខាងតែបាន។

ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ ក៏បានលើកឡើងពីភាពរីកចម្រើនរបស់ឧបករណ៍កសិកម្ម ដែលធ្វើឲ្យប្រជាកសិករមានភាពងាយស្រួល ក្នុងការប្រកបរបរកសិកម្ម ដែលកត្តានេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំប្រទេស ប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតប្រមែប្រមូល អ្នកវិនិយោគទុនបរទេស មកធ្វើការវិនិយោគរកស៊ី នៅស្រុកខ្មែរ គឺក្នុងទិសដៅឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើន និងប្រជាពលរដ្ឋរស់នៅប្រកបដោយជីវភាពធូរ៕